ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា លោក គីម យ៉ុងហ៊ុន (Kim Yong-hyun) រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានជួបពិភាក្សាដាច់ដោយឡែកជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់មកពីប្រទេសអារ៉ាប៊ីសាអូឌីត និងសមភាគីរបស់លោកមកពីប្រទេសរវ៉ាន់ដា និងកេនយ៉ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។
យោងតាមក្រសួងបានឱ្យដឹងថា លោក គីម បានជួបជាមួយលោក ខាលេដ ប៊ីន ហូសស៊ីន អាល់ ប៊ីយ៉ារី (Khaled bin Hussein Al-Biyari) ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតទទួលបន្ទុកកិច្ចការប្រតិបត្តិន៍ នៅក្នុងទីតាំងនៃសន្និសីទសន្តិសុខកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល។
ក្រសួងបាននិយាយថា ក្នុងអំឡុងកិច្ចពិភាក្សា លោក គីម បានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ហើយការិយាល័យរបស់ពួកគេបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការក្នុងគម្រោងឧស្សាហកម្មអាវុធលើដីគោក ដែនសមុទ្រ និងអាកាសចរណ៍។
លោក គីម ក៏បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិរវ៉ាន់ដា លោក ជូវេណាល់ ម៉ារីហ្សាមុនដា(Juvenal Marizamunda) ដើម្បីពិភាក្សាអំពីវិធីសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងឧស្សាហកម្មអាវុធ។ លោកក៏បានជួបពិភាក្សាជាមួយសមភាគីកេនយ៉ាគឺ លោកស្រី រ៉ូសេលីនដា សយប៉ាន់ ទូយ៉ា (Roselinda Soipan Tuya) ដែលជាជំនួបថ្នាក់រដ្ឋមន្ត្រីការពារជាតិលើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៦៤។
ការិយាល័យរបស់លោក គីម បាននិយាយថា រដ្ឋមន្ត្រីទាំងពីរបានចែករំលែកទស្សនៈស្តីពីការជំរុញឧស្សាហកម្មការពារជាតិទ្វេភាគី និងកិច្ចសហប្រតិបត្តិការផ្នែកដឹកជញ្ជូន៕