កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ចិន-ជប៉ុន-កូរ៉េខាងត្បូង លើកទី១០ បានធ្វើឡើងនៅទីក្រុងកូបេ ភាគខាងលិចប្រទេសជប៉ុន។ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន លោក ហ្សាង ហ្សេង (Zhang Zheng) រដ្ឋ មន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន លោក តេតស៊ូ សៃតូ (Tetsuo Saito) និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង លោក យូ អ៊ីនជុន(Yu In-chon) បានចូលរួមកិច្ចប្រជុំនេះ។
រដ្ឋមន្ត្រីទាំងបីបានពិភាក្សាផ្លាស់ប្តូរយោបល់លើការលើកកម្ពស់ការផ្លាស់ប្តូរទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ហើយបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ។
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ចិន-ជប៉ុន-កូរ៉េខាងត្បូង ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៦ គឺជាយន្តការផ្លាស់ប្តូរអន្តររដ្ឋាភិបាលដ៏សំខាន់សម្រាប់ប្រទេសទាំងបី ដើម្បីបង្កើនទំនាក់ទំនងលើគោលនយោបាយទេសចរណ៍ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីត្រីភាគីធ្វើឡើងដោយប្រទេសទាំងបីឈរលើមូលដ្ឋានប្ដូរវេន ហើយបានដើរតួនាទីជាវិជ្ជមានក្នុងការពង្រឹង និងធ្វើឱ្យស៊ីជម្រៅលើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងចំណោមប្រទេសទាំងបី និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន៕