ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាជួបជាមួយប្រធានាធិបតីរុស្ស៊ី ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលប្រ៊ីកស៍

0

នៅខាងក្រៅកិច្ចប្រជុំកំពូលប្រ៊ីកស៍ (BRICS) នៅទីក្រុង St Petersburg ប្រទេសរុស្ស៊ី ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក អាជីត ដូវ៉ាល់ (Ajit Doval) បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដោយបានស្វាគមន៍ដោយការចាប់ដៃគ្នា។

ស្ថានទូតរុស្ស៊ីប្រចាំប្រទេសឥណ្ឌាបានចែករំលែករូបភាពនោះនៅលើបណ្តាញសង្គមអ៊ិច (X) និងបាននិយាយថា «នៅថ្ងៃទី១២ ខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជួបជាមួយលោក​អាជីត ដូវ៉ាល់ ទីប្រឹក្សាសន្តិសុខជាតិរបស់នាយករដ្ឋមន្រ្តីឥណ្ឌានៅឯវិមានកុនស្តេនទីណូវស្គី ក្នុងទីក្រុង St Petersburg»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើបណ្តាញតេឡេក្រាម ស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសឥណ្ឌាបាននិយាយថា ក្នុងអំឡុងពេលនៃជំនួបរបស់លោកជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌានោះ លោកប្រធានាធិបតី ពូទីន បានកោតសរសើរចំពោះភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងអភ័យឯកសិទ្ធិរវាងឥណ្ឌា និងរុស្ស៊ី ហើយបានសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់នៃបញ្ហាសន្តិសុខនៅក្នុងទំនាក់ទំនងទ្វេភាគី។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ក្នុងអំឡុងពេលនៃកិច្ចសន្ទនានោះ លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់អំពីការអភិវឌ្ឍប្រកបដោយជោគជ័យនៃភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងអភ័យឯកសិទ្ធិរវាងឥណ្ឌា និងរុស្ស៊ី ហើយបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃបញ្ហាសន្តិសុខក្នុងទំនាក់ទំនងទ្វេភាគី ដោយលោកបានអរគុណដល់ភាគីឥណ្ឌាដែលរក្សាកិច្ចសន្ទនានៅក្នុងតំបន់»។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា ប្រធានាធិបតីរុស្ស៊ីបានស្នើឱ្យមានការរៀបចំកិច្ចប្រជុំទ្វេភាគីមួយជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃទី២២ ខែតុលាខាងមុខ នៅខាងក្រៅកិច្ចប្រជុំកំពូលប្រ៊ីកស៍ នៅក្នុងទីក្រុងកាហ្សាន់ ដើម្បីសង្ខេបអំពីលទ្ធផលនៃការងាររួមគ្នា ស្តីពីការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងម៉ូស្គូ និងបង្ហាញអំពីទស្សនវិស័យសម្រាប់ពេលអនាគត៕