ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នាយករដ្ឋមន្ត្រីចិន លោក លី ឈៀង (Li Qiang) បានគូសបញ្ជាក់អំពីសារៈសំខាន់របស់អារ៉ាប៊ីសាអូឌីតក្នុងទំនាក់ទំនងការទូតរបស់ប្រទេសចិន ក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយកាលពីថ្ងៃពុធជាមួយព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់មេន (Mohammed bin Salman)។
លោក លី បាននិយាយថា «ប្រទេសចិនបានដាក់ចេញនូវការអភិវឌ្ឍទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតដែលជាអាទិភាពមួយនៅក្នុងផ្នែកការទូតរួមរបស់ខ្លួន ជាពិសេសនៅក្នុងការទូតមជ្ឈិមបូព៌ារបស់ខ្លួន»។
លោក លី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរបានរក្សានូវការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ លោកក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសចិនក្នុងការគាំទ្រអារ៉ាប៊ីសាអូឌីត និងបង្កើនទំនាក់ទំនងទ្វេភាគី ដោយផ្តោតសំខាន់ទៅលើសមិទ្ធផលរួមគ្នា និងយល់ឃើញថាការអភិវឌ្ឍរបស់គ្នាទៅវិញទៅមកជាឱកាសដ៏សំខាន់។
ព្រះអង្គម្ចាស់ ប៊ីន សាល់មេន បានទទួលស្គាល់អំពីកម្រិតអភិវឌ្ឍន៍ជឿនលឿននៅក្នុងទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងចិន ដោយកត់សម្គាល់នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលអាចទុកចិត្តបានរវាងប្រទេសទាំងពីរ។
លោក លី បានទៅកាន់រដ្ឋធានីរីយ៉ាដរបស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីល្ងាចថ្ងៃអង្គារ ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការចម្រុះចិន-អារ៉ាប៊ីសាអូឌីត កម្រិតខ្ពស់ជាមួយព្រះអង្គម្ចាស់ ប៊ីន សាល់មេន។
ប្រទេសចិន គឺជាប្រទេសនាំចូលប្រេងធំលំដាប់ទីពីររបស់អារ៉ាប៊ីសាអូឌីត ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីរបស់ពួកគេបានកើនឡើងដល់ប្រហែល ១០៦ប៊ីលានដុល្លារអាម៉េរិកកាលពីឆ្នាំមុន។
ដំណើរទស្សនកិច្ចរបស់លោក លី ក៏ជាដំណើរទស្សនកិច្ចកម្រិតខ្ពស់លើកដំបូងទៅកាន់ទីក្រុងរីយ៉ាដ បន្ទាប់ពីប្រទេសចិនបានចុះកិច្ចព្រមព្រៀងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់កាលពីខែមីនាឆ្នាំមុន ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈប្រក្រតីវិញ៕