បញ្ហាអាកាសធាតុ​ធ្ងន់ធ្ងរនៅហ្វីលីពីន ​សម្លាប់​មនុស្ស ​២​នាក់ និងរំខាន​ចរាចរណ៍​ផ្លូវអាកាស​

0

បរទេស៖ ព្យុះត្រូពិចអេនតេង (Enteng) ដែលគេស្គាល់ជាអន្តរជាតិថាជាព្យុះយ៉ាគី (Yagi) បានឆក់យកជីវិតមនុស្សចំនួន ២នាក់នៅក្នុងប្រទេសហ្វីលីពីន និងនាំឱ្យមានការលុបចោលជើងហោះហើរមួយចំនួន។ នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសហ្វីលីពីនបានប្រកាសកាលពីថ្ងៃចន្ទ។

បច្ចុប្បន្ន ក្រុមប្រឹក្សា​កំពុង​ពិនិត្យ​មើលទៅលើ​របាយការណ៍នានា ​ដោយបាន​កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​ចំនួន ១៤​គ្រួសារ​មក​ពី ៣​ភូមិ ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហាអាកាសធាតុ​ធ្ងន់ធ្ងរ។ ដូចគ្នានេះផងដែរ សំណង់ចំនួន២ បានដួលរលំដោយសារខ្យល់ព្យុះនេះ ខណៈដែលមានភ្លៀងធ្លាក់ខ្លាំងដែលបានបណ្តាលឱ្យមានហេតុការណ៍បាក់ដីនៅក្នុងតំបន់។

សារព័ត៌មាន Inquirer ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលបានរាយការណ៍ថា ព្យុះនេះបានបង្កើនឥទ្ធិពលខ្យល់មូសុងភាគនិរតី ដែលជំរុញឱ្យប្រធានាធិបតីហ្វីលីពីន លោក ហ្វឺដឌីនែនដ៍ ម៉ាកូស ជេអ (Ferdinand Marcos Jr.) បញ្ជាឱ្យមានការជូនដំណឹងជាមុនអំពីការផ្អាកការងារ និងសាលារៀននានាសម្រាប់ថ្ងៃអង្គារនេះ។

លោក ម៉ាកូស បានបញ្ជាក់ថា «យើងនឹងព្យាយាមផ្តល់ព័ត៌មានឱ្យបានឆាប់តាមដែលអាចធ្វើទៅបានសម្រាប់កន្លែងធ្វើការងារ និងសាលារៀននៅថ្ងៃស្អែក។ ការណែនាំរបស់ខ្ញុំទៅពួកគេ គឺប្រសិនបើអាចធ្វើទៅបាន មុនពេលយើងចូលគេង យើងគួរតែដឹងឱ្យហើយថា តើនឹងមានការងារ ឬថ្នាក់រៀននៅថ្ងៃស្អែកឬអត់»។

ព្យុះនេះក៏បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការដែនសមុទ្រផងដែរ ដោយធ្វើឱ្យអ្នកដំណើរចំនួន ៧៣៩នាក់ជាប់គាំងនៅតាមកំពង់ផែនានា ដោយ ៦៧៩នាក់នៅកំពង់ផែប៊ីកូល និង ៦០នាក់នៅកំពង់ផែកាឡាបាហ្សូន។ នាវាសរុបចំនួន ២២គ្រឿង ទូកចំនួន ៤គ្រឿង និងនាវាដឹកទំនិញចំនួន ២៨២គ្រឿង មិនអាចចាកចេញធ្វើដំណើរបានទេ ដោយសារស្ថានភាពគ្រោះថ្នាក់៕