បរទេស៖ លេខាធិការសម្រាប់តំបន់ខាងកើត នៃក្រសួងការបរទេស លោក ចៃឌីប ម៉ាហ្សាំដារ (Jaideep Mazumdar) បាននិយាយកាលពីថ្ងៃចន្ទថា ការពិភាក្សាស្តីពីសន្តិសុខដែនសមុទ្រ នឹងត្រូវធ្វើឡើងជាមួយថ្នាក់ដឹកនាំសិង្ហបុរីក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) ទៅកាន់ប្រទេសសិង្ហបុរី។
នៅពេលថ្លែងសុន្ទរកថាពិសេសមួយ នៅមុនដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ម៉ូឌី ទៅកាន់ប្រទេសសិង្ហបុរី លោក ម៉ាហ្សាំដារ បាននិយាយថា ប្រទេសទាំងពីរមានការឯកភាពគ្នានៃទស្សនៈស្តីពីសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ។
នៅពេលសួរថា តើការពិភាក្សាអំពីសន្តិសុខដែនសមុទ្រនឹងធ្វើឡើងជាមួយថ្នាក់ដឹកនាំសិង្ហបុរីឬយ៉ាងណានោះ លោកបានឆ្លើយតបថា «បញ្ហាសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ ពិតណាស់ អ្នកដឹងពីគោលជំហររបស់ឥណ្ឌាហើយស្តីពីសមុទ្រចិនខាងត្បូង។ សម្រាប់ប្រទេសសិង្ហបុរី វាក៏មានសារៈសំខាន់ផងដែរសម្រាប់ពួកគេក្នុងការថែរក្សាបណ្តាសមុទ្រនៃការទំនាក់ទំនងដែលមានសុវត្ថិភាព សន្តិសុខ និងសេរីភាព»។
លោកបាននិយាយបន្ថែមថា «ដូច្នេះ យើងមានមតិឯកភាពគ្នាទៅលើបញ្ហានោះ ហើយគ្មានការសង្ស័យទេដែលបញ្ហាបែបនេះនឹងត្រូវបានពិភាក្សា ដែលជាបញ្ហាដែលមានសារៈសំខាន់សម្រាប់ប្រទេសរបស់យើងទាំងអស់នៅក្នុងតំបន់ ដូច្នេះហើយ ខ្ញុំគ្មានការសង្ស័យទេថាបញ្ហាទាំងនោះនឹងបានត្រូវពិភាក្សា»។
លោក ចៃឌីប ម៉ាហ្សាំដារ ក៏បាននិយាយដែរថា ស្ថានភាពនៃប្រទេសជិតខាងតែងតែកើតឡើងក្នុងអំឡុងពេលទស្សនកិច្ចទ្វេភាគី។ លោកបានថ្លែងថា លោករំពឹងថាស្ថានភាពនៃប្រទេសមីយ៉ាន់ម៉ានឹងត្រូវបានពិភាក្សាក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ម៉ូឌី ទៅកាន់ប្រទេសប្រ៊ុយណេ និងសិង្ហបុរី៕