ឯកឧត្តម ហែម វណ្ណឌី ណែនាំឱ្យមន្ទីឧស្សាហកម្ម ខេត្តមណ្ឌលគិរី និងរតនគិរីផ្តោតលើការកែច្នៃកសិផល និងនិរន្តរភាពសេវាទឹកស្អាត

0

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រិក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ សំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តមបានណែនាំឱ្យមន្ទីរទាំងពីរ ផ្តល់អាទិភាពលើសក្តានុពលនៃការកែច្នៃកសិផលក្នុងខេត្ត និងការលើកកម្ពស់និរន្តរភាពនៃសេវាផ្គត់ផ្គង់ទឹកស្អាត។

ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់អំពីរបៀបវារៈជាអាទិភាពរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។ ឯកឧត្តមបានលើកឡើងថា ការកែច្នៃកសិផលដែលខេត្តផលិតបាន មានសក្តានុពលក្នុងការបង្កើតតម្លៃបន្ថែម ដែលនឹងលើកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជាប្រភពកំណើនថ្មីសម្រាប់ខេត្ត។

ឯកឧត្តមក៏បានណែនាំឱ្យរដ្ឋាករទឹក និងមន្ទីរទាំងពីរដើរតួនាទីសកម្ម និងបុរេសកម្ម ក្នុងការធានាបានប្រភពទឹកសំខាន់ៗសម្រាប់ការផលិតទឹកស្អាតប្រកបដោយនិរន្តរភាព និងពង្រីកសេវាផ្គត់ផ្គង់ ដោយស្នើគំនិតផ្តួចផ្តើមទៅរដ្ឋបាល​ខេត្ត និងទៅក្រសួង។ ឯកឧត្តមបានបញ្ជាក់ថា កំណើននៃតម្រូវការទឹកស្អាតសម្រាប់ការប្រើប្រាស់ និងសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម រួមផ្សំនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ តម្រូវឱ្យរដ្ឋត្រូវគិតគូរអំពីផែនការអភិវឌ្ឍវិស័យទឹកស្អាតទុកជាមុនសម្រាប់រយៈពេលច្រើនទសវត្សរ៍ទៅមុខ៕