បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានទៅដល់ប្រទេសម៉ុងហ្គោលីហើយសម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការកាលពីថ្ងៃចន្ទ ហើយត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការប្រារព្ធខួបលើកទី៨៥ នៃជ័យជំនះរួមគ្នានៃកងកម្លាំងប្រដាប់អាវុធសូវៀត និងម៉ុងហ្គោលី នៅទន្លេខាល់ឃីនហ្កុល។
មេដឹកនាំប្រទេសទាំងពីរនឹងធ្វើកិច្ចពិភាក្សា ដោយភាគីនានានឹងផ្លាស់ប្តូរយោបល់គ្នាទៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួន ព្រមទាំងពិភាក្សាអំពីទស្សនវិស័យសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរុស្ស៊ី-ម៉ុងហ្គោលី។
វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីទាំងពីរក៏នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនបន្ទាប់ពីកិច្ចចរចា និងធ្វើសេចក្តីថ្លែងការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយផងដែរ។ កាលពីខែតុលាឆ្នាំមុន ប្រធានាធិបតីម៉ុងហ្គោលី លោក យុកណាអាហ្គីន ឃូរែលស៊ុក (Ukhnaagiin Khurelsukh) ក្នុងអំឡុងពេលជួបជាមួយលោក ពូទីន ក្នុងប្រទេសចិន បានអញ្ជើញមេដឹកនាំរុស្ស៊ីធ្វើទស្សនកិច្ចនៅប្រទេសរបស់លោកនៅក្នុងឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចលើកមុនរបស់លោក ពូទីន ទៅកាន់ប្រទេសម៉ុងហ្គោលី ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៩៕