បរទេស៖ ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដឺ លូកាសេនកូ (Alexander Lukashenko) បាននិយាយថា កងទ័ពអាកាសប្រទេសបេឡារុស បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមកពីប្រទេសអ៊ុយក្រែន ឆ្លងកាត់ព្រំដែនប្រទេសបេឡារុស។
យោងតាមសេវាសារព័ត៌មានរបស់ប្រធានាធិបតីនៅលើបណ្ដាញសង្គមតេឡេក្រាម បានឱ្យដឹងថា កងទ័ពអាកាស និងកងទ័ពការពារជាតិ បានចូលទៅក្នុងស្ថានភាពប្រកាសអាសន្នកម្រិតដំបូង បន្ទាប់ពីគោលដៅអាកាសរបស់ប្រទេសអ៊ុយក្រែនបានចូលទៅក្នុងដែនអាកាសរបស់ប្រទេសបេឡារុស្សនៅព្រំដែនខាងកើតបេឡារុស្ស-រុស្ស៊ី។
លោក លូកាសេនកូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកសង្ស័យថា គោលដៅនេះ គឺជាយន្តហោះគ្មានមនុស្សបើកបានវាយប្រហារ។
លោក លូកាសេនកូ ក៏បានបង្ហាញផងដែរថា យន្តហោះគ្មានមនុស្សបើកដែលនៅសេសសល់បានហោះហើរចូលទៅក្នុងទិសដៅរបស់ប្រទេសរុស្ស៊ី ហើយព័ត៌មានដែលចែករំលែកដោយភាគីរុស្ស៊ីបានបង្ហាញថា គោលដៅទាំងនេះត្រូវបានបាញ់ទម្លាក់នៅជិតតំបន់ Yaroslavl Oblast របស់ប្រទេសរុស្ស៊ី៕