បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តអនុវត្តគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែន និងពាណិជ្ជកម្មឆ្លងព្រំដែនរវាងប្រទេសថៃ និងបណ្តាប្រទេសជិតខាង។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ឆៃ វ៉ាចារ៉ុនកេ (Chai Wacharonke) បាននិយាយកាលពីថ្ងៃទី១១ ខែសីហាថា វិធានការនេះនឹងបង្កើតអារម្មណ៍វិជ្ជមាននៅក្នុងសេដ្ឋកិច្ចថៃ ដោយលោកបានកត់សម្គាល់ថា ក្រសួងពាណិជ្ជកម្មថៃបានចាត់តាំងនាយកដ្ឋានពាណិជ្ជកម្មបរទេសដើម្បីត្រួតពិនិត្យពាណិជ្ជកម្មតាមព្រំដែនឱ្យបានយ៉ាងដិតដល់។
យោងតាមលោក វ៉ាចារ៉ុនកេ បានឱ្យដឹងថា ពាណិជ្ជកម្មតាមព្រំដែន និងឆ្លងព្រំដែនរបស់ប្រទេសថៃ បានផ្លាស់ប្តូរក្នុងគន្លងវិជ្ជមានជាមួយនឹងទឹកប្រាក់សរុបចំនួន ៩១២,២៨ប៊ីលានបាត (ជាង ២៥,៨ប៊ីលានដុល្លារអាម៉េរិក) ក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំនេះ ដែលរួមមានទាំងការនាំចេញចំនួន ៥៣៤,៣១ប៊ីលានបាត និងការនាំចូលមានចំនួន ៣៧៧,៩៦ប៊ីលានបាត។ ពាណិជ្ជកម្មតាមព្រំដែននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ មានចំនួនសរុប ៤៩៣,៤៧ប៊ីលានបាត។
លោកបាននិយាយថា ទំនិញនាំចេញតាមព្រំដែនសំខាន់ៗរួមមាន ប្រេងម៉ាស៊ូតមានតម្លៃ ២៣,១០ប៊ីលានបាត ប្រេងចម្រាញ់មានតម្លៃ ១០,៤៣ប៊ីលានបាត និងជ័រកៅស៊ូមានតម្លៃ ៨,២២ប៊ីលានបាត។
ទន្ទឹមនឹងនេះដែរ ពាណិជ្ជកម្មឆ្លងព្រំដែនមានចំនួនសរុប ៤១៨,៨១ប៊ីលានបាត ដែលរួមមានប្រទេសចិន (២៤៤,១៧ប៊ីលានបាត) សិង្ហបុរី (៥៣,១៣ប៊ីលានបាត) និងវៀតណាម (៣៦,២៦ប៊ីលានបាត) ។
ទំនិញនាំចេញឆ្លងដែនសំខាន់ៗរួមមាន ផ្លែទុរេនស្រស់មានតម្លៃ ៦៧,៦០ប៊ីលានបាត ឧបករណ៍ស្តុកទិន្នន័យមានតម្លៃ ៤០,៩៥ប៊ីលានបាត និងកំណាត់កៅស៊ូមានតម្លៃ ១៩,៥០ប៊ីលានបាត។ លោក វ៉ាចារ៉ុនកេ បានសង្កត់ធ្ងន់ថា ការកើនឡើងនៃពាណិជ្ជកម្មតាមព្រំដែន និងឆ្លងព្រំដែន គឺជាភស្តុតាងដែលបង្ហាញថា គោលនយោបាយរបស់រដ្ឋាភិបាលមានប្រសិទ្ធភាព។
លោក វ៉ាចារ៉ុនកេ បានសង្កត់ធ្ងន់ថា ភ្នាក់ងារពាក់ព័ន្ធនានានឹងរៀបចំសកម្មភាពលើកកម្ពស់ពាណិជ្ជកម្មតាមព្រំដែន និងឆ្លងព្រំដែនក្នុងខេត្តសុងក្លា ចាប់ពីថ្ងៃទី១៥-១៨ ខែសីហា រួមទាំងការតាំងពិព័រណ៍ផលិតផល ការផ្គូផ្គងអាជីវកម្មអនឡាញ និងសិក្ខាសាលា ដើម្បីបង្កើតការយល់ដឹងក្នុងចំណោមសហគ្រិន៕