មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្ដចិន ធ្វើទស្សនកិច្ចនៅអ៊ុយរូហ្គាយ និងអាហ្វ្រិកខាងត្បូង

0

បរទេស៖ លោក លីវ ចៀនចៅ (Liu Jianchao) ប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានដឹកនាំគណៈប្រតិភូបក្ស CPC ទៅបំពេញទស្សនកិច្ចនៅប្រទេសអាហ្វ្រិកខាងត្បូងពីថ្ងៃពុធដល់ថ្ងៃសៅរ៍ និងប្រទេសអ៊ុយរូហ្គាយពីថ្ងៃចន្ទដល់ថ្ងៃអង្គារ។

ក្នុងដំណើរទស្សនកិច្ចទៅប្រទេសអ៊ុយរូហ្គាយ លោក លីវ បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់លើទំនាក់ទំនងចិន-អ៊ុយរូហ្គាយជាមួយប្រធានាធិបតីអ៊ុយរូហ្គាយ លោក ល្វីស ឡាខាល ពូ (Luis Lacalle Pou) ប្រធានសភាតំណាងរាស្រ្ត លោក អាណា អូលីវេរ៉ា (Ana Olivera) រដ្ឋមន្ត្រីការបរទេស លោក អូម៉ា ប៉ាហ្គានីនី (Omar Paganini) និងឥស្សរជននយោបាយអ៊ុយរូហ្គាយផ្សេងទៀត។

គណៈប្រតិភូបក្ស CPC ក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរជាមួយអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយអ៊ុយរូហ្គាយ ស្ថាប័នអ្នកប្រាជ្ញ និងសាកលវិទ្យាល័យ ដោយជំរុញយ៉ាងជ្រាលជ្រៅនូវស្មារតីនៃសម័យប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស CPC លើកទី២០។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសអាហ្វ្រិកខាងត្បូង លោក លីវ បានជួបពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងចិន-អាហ្វ្រិកខាងត្បូងជាមួយ លោក ស៊ីរីល រ៉ាម៉ាផូសា (Cyril Ramaphosa) ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង និងគណបក្សគ្រប់គ្រងប្រទេស គឺសភាជាតិអាហ្រ្វិក (ANC) លោក ហ្វីគីល អែមបាលូឡា (Fikile Mbalula) អគ្គលេខាធិការ ANC លោក សូលី ម៉ាប៉ៃឡា (Solly Mapaila) អគ្គលេខាបក្សកុម្មុយនិស្តអាហ្រ្វិកខាងត្បូង លោក រ៉ូណាល់ ឡាម៉ូឡា (Ronald Lamola) សមាជិកគណៈកម្មាធិការជាតិនៃ ANC និងជារដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង និងថ្នាក់ដឹកនាំគណបក្សមួយចំនួននៃរដ្ឋសភា។

ភាគីទាំងពីរបានឯកភាពលើការអនុវត្តរួមចំពោះមតិឯកភាពសំខាន់ៗដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរសម្រេចបាន ពង្រឹងការផ្លាស់ប្តូរអន្តរភាគី ធ្វើឱ្យស៊ីជម្រៅលើបទពិសោធន៍គ្រប់គ្រង ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ និងជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-អាហ្វ្រិកខាងត្បូង និងទំនាក់ទំនងចិន-ទ្វីបអាហ្វ្រិក៕