កូរ៉េខាងជើងថ្កោលទោសអាល្លឺម៉ង់ ដែលបានចូលរួមជាមួយទីបញ្ជាការអង្គការសហប្រជាជាតិ

0

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ប្រទេសកូរ៉េខាងជើងបានរិះគន់ប្រទេសអាល្លឺម៉ង់ចំពោះការចូលរួមជាមួយទីបញ្ជាការអង្គការសហប្រជាជាតិដឹកនាំដោយសហរដ្ឋអាមេរិក (UNC) នាពេលថ្មីៗនេះ ដោយបានហៅទង្វើនេះថា ជាទង្វើនៃការបំផ្លាញសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។

ប្រទេសអាឡឺម៉ង់ បានចូលរួមជាផ្លូវការសម្រាប់យន្តការចម្រុះជាតិសាសន៍ដែលត្រួតពិនិត្យបទឈប់បាញ់នៃសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ជារដ្ឋសមាជិកផ្លូវការទី១៨។

អ្នកនាំពាក្យក្រសួងការបរទេសទីក្រុងព្យុងយ៉ាងបាននិយាយនៅក្នុងការចេញផ្សាយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ថា ប្រទេសកូរ៉េខាងជើងបាន «ថ្កោលទោសយ៉ាងខ្លាំងចំពោះការចូលរួមជាមួយទីបញ្ជាការអង្គការសហប្រជាជាតិរបស់ប្រទេសអាល្លឺម៉ង់ ដោយចាត់ទុកទង្វើនេះថា ជាសកម្មភាពបំផ្លាញសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ហើយធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង»។

ក្រសួងបាននិយាយថា «ទង្វើមិនសមរម្យរបស់ប្រទេសអាល្លឺម៉ង់ គឺជាការរំលឹកម្តងទៀតពីអតីតកាលដ៏រុងរឿងរបស់ខ្លួន ដែលខ្លួនបានធ្វើឱ្យមនុស្សជាតិធ្លាក់ចូលទៅក្នុងការបង្ហូរឈាមនៃសង្គ្រាមលោកលើកទីពីរ ហើយបានធ្វើឱ្យមានទុក្ខសោក និងការឈឺចាប់ដែលមិនធ្លាប់មានមកលើមនុស្សជាតិក្នុងសតវត្សចុងក្រោយនេះ» ដោយក្រសួងបានព្រមានថា ទីក្រុងប៊ែរឡាំង «នឹងទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកទាំងអស់នេះ»។

ប្រទេសកូរ៉េខាងជើងបានប្តេជ្ញាថានឹង «ចាត់វិធានការឱ្យបានហ្មត់ចត់បន្ថែមទៀតសម្រាប់ការពង្រឹងសមត្ថភាពការពារខ្លួន» ដើម្បីរារាំងនឹង «ការប្រឈមមុខដាក់គ្នាខាងយោធាដែលមិនធ្លាប់មាន» នាពេលបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមទីភ្នាក់ងារ KCNA ៕