នគរបាលវៀតណាម​ចាប់ខ្លួន​អតីត​អនុរដ្ឋមន្ត្រី​បរិស្ថាន​ ជុំវិញ​ការរំលោភបំពាន​លើ​ការជីកយករ៉ែ​កម្រ​

0

បរទេស៖ នគរបាល​ប្រទេស​វៀតណាម​បាន​ចាប់ខ្លួន​អតីត​អនុរដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មន្ត្រីជាន់ខ្ពស់ ០៤​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​បទ​ប្បញ្ញត្តិ​នៃ​ការ​ជីក​យក​រ៉ែ បន្ទាប់​ពី​មានការ​ស៊ើបអង្កេត​យ៉ាង​ទូលំទូលាយ​លើ​ការ​ប្រព្រឹត្ត​ខុស​របស់​ក្រុមហ៊ុន​ជីក​រ៉ែ​កម្រ នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​០១ ក្រសួង​សន្តិសុខ​សាធារណៈ​ដែល​គ្រប់គ្រង​ដោយ​នគរបាល​បាន​និយាយ​ថា លោក Nguyen Linh Ngoc ដែល​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​ក្នុង​ឆ្នាំ​២០១០ ដល់​២០១៨ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ “​បំពាន​ដោយ​ចេតនា​នៃ​បទ​ប្បញ្ញត្តិ​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​រដ្ឋ បង្ក​ឲ្យ​មាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​”​។

ក្រសួង​បាន​និយាយ​ថា អតីតមន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​នៃ​នាយកដ្ឋាន​រុករក​រ៉ែ​របស់​ក្រសួង​ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​ការ​ចោទប្រកាន់​ដូច​គ្នា​នេះ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ​។
មន្ត្រី​ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនោះ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន ហើយ​ការ​ហៅ​តាម​ទូរ​សព្ទ​ទៅ​ក្រសួងបរិស្ថាន​ក៏​គ្មាន​អ្នក​តប​ដែរ​។

កាលពី​ឆ្នាំ​មុន នគរបាល​បាន​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​នាក់ រួម​ទាំង​ប្រធាន​ក្រុមហ៊ុន Thai Duong Group ដែល​ប្រតិបត្តិការ​អណ្តូងរ៉ែ​នៅ​ខេត្ត Yen Bai ភាគ​ខាងជើង​ប្រទេស​វៀតណាម ពី​បទ​ក្លែងបន្លំ​បង្កាន់ដៃ​ពន្ធ​លើ​ការ​បន្ថែម​តម្លៃ​ក្នុង​ការ​ជួញដូរ​រ៉ែ​កម្រ​៕