Barca ទិញបានខ្សែការពារកណ្តាលវ័យ ២១ឆ្នាំមួយរូប

0

បរទេស៖ ខ្សែការពារកណ្តាលវ័យ ២១ ឆ្នាំរូបនេះបានចំណាយពេលកាលពីរដូវកាលមុនក្នុងការខ្ចីជើងនៅក្លឹប Barcelona B ពីក្លឹបនៅ MLS មុនពេលបញ្ចប់ការផ្ទេរជាអចិន្ត្រៃយ៍មកកាន់អេស្ប៉ាញនៅរដូវកាល ២០២៤-២៥នេះ។ កីឡាករវ័យក្មេងរូបនេះបានចុះហត្ថលេខាទៅលើកុងត្រារយៈពេល ២ឆ្នាំជាមួយនឹងក្លឹប Barca ដែលមានសុពលភាពដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

កីឡាករ Fall ដែលធ្លាប់លេងអោយក្លឹប Villarreal នៅតែអវត្តមានដោយសាររបួសកជើងស្ទើរតែពាក់កណ្តាលនៃរដូវកាលមុន ហើយបានបង្ហាញខ្លួនត្រឹមតែ ២២ប្រកួតសម្រាប់ក្រុមបម្រុងនៃក្លឹបយក្សកាតាឡាន ហើយគាត់ស៊ុតបញ្ចូលទីបាន ២គ្រាប់ និងបញ្ចូនបាល់អោយមិត្តរួមក្រុមម្តងទៀត។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹប Barcelona ទៅលើការមកដល់របស់កីឡាករ Fall បានអោយដឹងថា៖ “FC Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយ Los Angeles FC សម្រាប់ការផ្ទេរកីឡាករ Mamadou Mbacke Fall ដែលនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីររដូវកាលរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ជាមួយនឹងជម្រើសនៃ បន្តកិច្ចសន្យារបស់គាត់រយៈពេលពីរឆ្នាំទៀត”។

“ខ្សែការពារកណ្តាលរបស់សេណេហ្គាល់រូបនេះបានលេងរួចហើយកាលពីរដូវកាលមុននៅ Barca Atletic ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុមអាមេរិច។ ការចុះហត្ថលេខាផ្លូវការណ៍ទៅលើកុងត្រាកំពុងរង់ចាំ”។

លោក Hansi Flick និង​ក្រុម​របស់​គាត់​បច្ចុប្បន្ន​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ប្រកួត​មុន​បើក​រដូវ​កាល ហើយ​ពួកគេនឹងលេងប្រកួតដំបូងជាមួយនឹងក្រុម Manchester City នៅថ្ងៃទី៣០ ខែកក្កដា៕