បរទេស៖ នៅព្រឹកថ្ងៃអង្គារនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានឲ្យដឹងថា ក្រុមបំបែកខ្លួនប៉ាឡេស្ទីនបានព្រមព្រៀងបញ្ចប់ការបែកបាក់ និងពង្រឹងឯកភាពជាតិប៉ាឡេស្ទីន ដោយការចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងប៉េកាំង នៅក្នុងប្រទេសចិន។
ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា សេចក្តីប្រកាសនេះត្រូវបានចុះហត្ថលេខានៅក្នុងពិធីបិទការសន្ទនាការផ្សះផ្សាក្នុងចំណោមក្រុមបំបែកខ្លួនដែលបានធ្វើឡើងនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២១ ដល់២៣ ខែកក្កដានេះ។ទូរទស្សន៍ CGTN ក៏បាននិយាយនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុមបំបែកខ្លួនប៉ាឡេស្ទីនសរុបចំនួន១៤ រួមទាំងមេដឹកនាំនៃក្រុមFatah និងហាម៉ាស់ ដែលជាគូប្រជែង ក៏បានជួបជាមួយប្រព័ន្ធផ្សព្វផ្សាយ ដោយមានវត្តមានមន្ត្រីការបរទេសចិនលោក Wang Yi ផងដែរ។
ក្រុមហាម៉ាស់ និងFatah ធ្លាប់បានជួបប្រជុំគ្នានៅប្រទេសចិនក្នុងខែមេសា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាដើម្បីបញ្ចប់ជម្លោះដែលមានរយៈពេល ១៧ឆ្នាំ៕