បរទេស៖ ក្រុមហ៊ុនម៉ាយក្រូសូហ្វ (Microsoft) បានរាយការណ៍ថា ការដាច់ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងសេវាកម្ម Microsoft Azure ដែលបណ្តាលមកពីការអាប់ដេតដែលមានកំហុសដោយក្រុមហ៊ុនកម្មវិធីសូហ្វវែរ CloudStrike បានប៉ះពាល់ទៅដល់ឧបករណ៍ប្រមាណ ៨,៥លានគ្រឿងដែលប្រើប្រព័ន្ធប្រតិបត្តិការវីនដូស៍ (Windows) ដែលតិចជាងមួយភាគរយនៃឧបករណ៍ដែលប្រើប្រព័ន្ធប្រតិបត្តិការវីនដូស៍ទាំងអស់។
យោងតាមការរាយការណ៍បានឱ្យដឹងថា Crowdstrike បានជួយដល់ក្រុមហ៊ុនម៉ាយក្រូសូហ្វ ក្នុងការបង្កើតដំណោះស្រាយដែលនឹងពន្លឿនការជួសជុលសម្រាប់ការអាប់ដេតដែលមានកំហុសនេះ។
កាលពីថ្ងៃទី១៩ ខែកក្កដា ការដាច់ដ៏ធំនៃប្រព័ន្ធប្រតិបត្តិការវីនដូស៍ បានរារាំងដល់ដំណើរការរបស់ក្រុមហ៊ុននានានៅក្នុងវិស័យធនាគារ ក្រុមហ៊ុនអាកាសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ និងឧស្សាហកម្មមួយចំនួនទៀតនៅជុំវិញពិភពលោក។ បញ្ហានានាត្រូវបានរាយការណ៍ដោយធនាគារ និងក្រុមហ៊ុនមួយចំនួននៅសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។
ក្រុមហ៊ុន Crowdstrike បានបញ្ជាក់ប្រាប់សារព័ត៌មាន CNBC ថា មានទំនាក់ទំនងរវាងការអាប់ដេតចុងក្រោយនៃកម្មវិធីកំចាត់មេរោគរបស់ខ្លួន និងដំណើរការខុសប្រក្រតីរបស់ប្រព័ន្ធប្រតិបត្តិការវីនដូស៍ ។ ក្រុមហ៊ុនបានធានាថា អ្នកឯកទេសរបស់ខ្លួនកំពុងធ្វើការកែសម្រួលកម្មវិធីទៅកាន់កំណែមុន៕