លោក ត្រាំ សន្យាថានឹងនាំមកនូវសន្តិភាពពិភពលោក និងបញ្ចប់ជម្លោះនៅអ៊ុយក្រែន

0

បរទេស៖ អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) កាលពីថ្ងៃទី១៩ ខែកក្កដា។

លោក ត្រាំ បានប្រកាសនៅលើគណនី Truth Social របស់លោកថា «លោកមានការជជែកតាមទូរស័ព្ទល្អណាស់ជាមួយលោក វ៉្លាឌីមៀរ ហ្សេលេនស្គី ហើយបានសន្យាថានឹងនាំមកនូវសន្តិភាពពិភពលោក និងបញ្ចប់ជម្លោះនៅអ៊ុយក្រែន ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក»។

លោកបានកត់សម្គាល់ថា មេដឹកនាំអ៊ុយក្រែនរូបនោះក៏បានថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតទៅលើលោក ត្រាំ និងបានអបអរសាទរចំពោះលោកចំពោះមហាសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនៅទីក្រុង Milwaukee ដែលទទួលបានជោគជ័យផងដែរ។

លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា ប្រសិនបើលោកឈ្នះការបោះឆ្នោតប្រធានាធិបតីនៅក្នុងឆ្នាំនេះ លោកមានបំណងនាំមកនូវដំណោះស្រាយយ៉ាងឆាប់រហ័សនៃជម្លោះអ៊ុយក្រែន។ ក្នុងអំឡុងពេលជជែកដេញដោលមុនការបោះឆ្នោតជាមួយប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃទី២៧ ខែមិថុនាកន្លងមក លោក ត្រាំ បានសន្យាថា ប្រសិនបើលោកជាប់ឆ្នោតឡើងវិញ លោកនឹងអាចបញ្ចប់ជម្លោះនោះមុនពេលលោកចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕