បរទេស៖ ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញថា នៅក្នុងត្រីមាសទីពីរ កំណើន សេដ្ឋកិច្ចរបស់ប្រទេសនេះបានកើនឡើងដោយសារការនាំចេញដ៏រឹងមាំ ប៉ុន្តែការកើនឡើងអតិផរណានៅតែជាបញ្ហាប្រឈមសម្រាប់ប្រទេសមួយនេះ។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅរបស់រដ្ឋាភិបាលវៀតណាម (GSO) ថា ផលិតផលក្នុងស្រុកសរុបត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងដល់ ៦,៩៣ ភាគរយនៅក្នុងត្រីមាសទីពីរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺខ្ពស់ជាងកំណើន ៥,៨៧ ភាគរយនៅក្នុងត្រីមាសទីមួយ។
វៀតណាមដែលជាប្រទេសនាំចេញ Smart Phones គ្រឿងអេឡិចត្រូនិក និងសម្លៀកបំពាក់ដ៏សំខាន់មួយ កំពុងព្យាយាមពង្រឹងសកម្មភាពអាជីវកម្ម បន្ទាប់ពីមិនអាចសម្រេចបានតាម ទិសដៅកំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុន ដោយសារតម្រូវការសកលចុះខ្សោយ និងកង្វះថាមពល។ គួរបញ្ចាក់ថា សម្ពាធអតិផរណាវៀតណាមកំពុងកើនឡើង ដោយតម្លៃ ទំនិញប្រើប្រាស់ក្នុងខែមិថុនាកើនឡើង ៤,៣២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺកើនឡើងជិតដល់កម្រិតខ្ពស់បំផុតនៃទិសដៅអតិផរណារបស់រដ្ឋាភិបាល ដែលមាន ៤,៥ ភាគរយសម្រាប់ឆ្នាំនេះ៕