បរទេស៖ កងទ័ពអ៊ីស្រាអែលបានប្រកាសថា ខ្លួនកំពុងបន្តការវាយប្រហារលើមូលដ្ឋានក្នុងទីក្រុងរ៉ាហ្វាហ៍ នៃតំបន់ហ្គាហ្សា ដោយបានរាយការណ៍ថា មានអ្នកស្លាប់ និងរបួសប្រហែល ៣០នាក់ ចាប់តាំងពីការបន្ដការវាយប្រហារបានចាប់ផ្តើម។
យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ព បានឱ្យដឹងថា អ្នកស្លាប់ចំនួន ៣០នាក់ គឺជាក្រុមសកម្មប្រយុទ្ធ ខណៈដែលមន្ត្រីសុខាភិបាលតំបន់ហ្គាហ្សាបានរាយការណ៍អំពីការស្លាប់ចំនួន ៣៥នាក់ រួមទាំងទារកអាយុ ៤ខែផងដែរ។
កងទ័ពបាននិយាយថា កងពលរថក្រោះ និងកងពលតូចរថពាសដែក បាននិងកំពុងប្រតិបត្តិការតាមផ្លូវគោក នៅភាគខាងកើតទីក្រុងរ៉ាហ្វាហ៍ ខណៈដែលយន្តហោះគ្មានមនុស្សបើកបានធ្វើការវាយប្រហារពីលើអាកាស។
កងទ័ពបាននិយាយថា ពួកគេបានវាយប្រហារ «គោលដៅ» ប្រហែល ១០០ទីតាំងនៅក្នុងតំបន់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធក្រុមសកម្មប្រយុទ្ធ និង«អគារគួរឱ្យសង្ស័យ» ដែលយុទ្ធជនក្រុមហាម៉ាស់បានបាញ់ទៅលើទាហានអ៊ីស្រាអែល។
ប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវគោកលើទីក្រុងរ៉ាហ្វាហ៍ពេញមួយយប់ ដោយលើកឡើងពីគោលបំណងរបស់ខ្លួនដើម្បីកម្ចាត់កងវរសេនាតូចរបស់ក្រុមហាម៉ាស់ ចំនួន ៤ទីតាំងដែលនៅសេសសល់ក្នុងទីក្រុងភាគខាងត្បូង៕
ប្រភព៖ AKP