អាស៊ាន និងឥណ្ឌា បង្កើនអាទិភាពខ្សែសង្វាក់ផ្គត់ផ្គង់

0

បរទេស៖ បណ្តាមេដឹកនាំធុរកិច្ចសកលលោកកំពុងសម្លឹងមើលទៅលើប្រទេសឥណ្ឌា និងតំបន់អាស៊ីអាគ្នេយ៍កាន់តែខ្លាំងឡើងជាទិសដៅខ្សែសង្វាក់ផ្គត់ផ្គង់ជំនួស ខណៈដែលទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិកកាន់តែយ៉ាប់យ៉ឺន។ នេះបើយោងតាមការស្ទង់មតិរបស់ PwC ដែលបានចេញផ្សាយកាលពីថ្ងៃទី០៩ ខែឧសភា។

ការស្ទង់មតិដែលផ្តោតសំខាន់ទៅលើនាយកប្រតិបត្តិជាន់ខ្ពស់ចំនួន ១៥០នាក់នៅទូទាំងទ្វីបអាស៊ី អឺរ៉ុប និងអាម៉េរិកខាងជើង បានបង្ហាញថា មេដឹកនាំទាំងនោះនឹងមិនផ្តាច់ខ្លួនចេញពីមហាអំណាចទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះទេ។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia បានរាយការណ៍។

ការស្ទង់មតិដែលត្រូវបានចាត់តាំងដោយអ្នកគ្រប់គ្រងទ្រព្យសកម្ម Eastspring Investments និងបានធ្វើឡើងនៅក្នុងខែធ្នូឆ្នាំមុន និងខែមករាឆ្នាំនេះ បានរកឃើញថា នៅក្នុងទសវត្សរ៍ក្រោយ ប្រទេសឥណ្ឌានឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់បំផុតទីបីនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន ពោលគឺកើនឡើងពីលំដាប់ទីបួន។

តំបន់អាស៊ីអាគ្នេយ៍ក៏នឹងផ្លាស់ប្តូរលំដាប់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ ដោយនឹងឡើងទៅកាន់លំដាប់ទីប្រាំ។

ផ្ទុយ​ទៅ​វិញ ប្រទេសអាល្លឺម៉ង់​នឹងមានលំដាប់ទីបួន ខណៈដែលប្រទេស​ជប៉ុននៅលំដាប់ទីប្រាំមួយ។

យោងតាមការស្ទង់មតិនោះបានឱ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍នឹងទទួលបានអត្ថប្រយោជន៍ភាគច្រើនពីការធ្វើឱ្យមានតុល្យភាពឡើងវិញនៅក្នុងវិស័យផលិតគ្រឿងអេឡិចត្រូនិក ខណៈដែលប្រទេសឥណ្ឌានឹងទទួលបានអត្ថប្រយោជន៍នៅក្នុងវិស័យផលិតគ្រឿងអេឡិចត្រូនិក ផ្នែកឱសថ និងផ្នែកឧបករណ៍វេជ្ជសាស្ត្រ។

ការស្ទង់មតិនោះក៏បានបង្ហាញផងដែរថា ខណៈដែលក្រុមហ៊ុននានាធ្វើឱ្យមានតុល្យភាពឡើងវិញនូវប្រតិបត្តិការរបស់ពួកគេដើម្បីបង្កើនភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងជៀសវាងការពឹងផ្អែកខ្លាំងពេកទៅលើទីផ្សារតែមួយនោះ បណ្តានាយកប្រតិបត្តិទាំងនោះបានរំពឹងថា សហរដ្ឋអាមេរិក និងចិន នឹងនៅតែជាម្ចាស់ផ្ទះខ្សែសង្វាក់ផ្គត់ផ្គង់កំពូលពីរសម្រាប់អនាគតដ៏ខ្លីខាងមុខ៕

ប្រភព៖ AKP