បរទេស៖ អាស៊ាន និងសហភាពអឺរ៉ុប (EU) បានបើកដំណើរការសៀវភៅខៀវនៅទីស្នាក់ការកណ្តាលអាស៊ាននៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
សៀវភៅខៀវអាស៊ាន-សហភាពអឺរ៉ុបឆ្នាំ២០២៤-២០២៥ បន្តបម្រើជាវេទិកាដ៏មានតម្លៃក្នុងការអបអរសាទរការគាំទ្រដ៏មានអត្ថន័យរបស់សហភាពអឺរ៉ុបចំពោះកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន សក្តានុពលនៃភាពជាដៃគូយុទ្ធសាស្ត្រ ក៏ដូចជាវឌ្ឍនភាព និងសមិទ្ធិផលសំខាន់ៗក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប ឆ្នាំ២០២៣-២០២៧។
លោក ស៊ូជីរ៉ូ ស៊ាម (Sujiro Seam) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអាស៊ានបាននិយាយថា សៀវភៅនេះផ្តល់នូវទិដ្ឋភាពទូទៅនៃទំនាក់ទំនងពហុភាគី និងស៊ីជម្រៅរវាងតំបន់ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរួមដៃគ្នាស្វែងរកគោលដៅរួម។
សៀវភៅនេះបម្រើជាសក្ខីកម្មនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហភាពអឺរ៉ុប ក្នុងគោលបំណងធានាសន្តិភាព និងសន្តិសុខក្នុងតំបន់ ជំរុញការតភ្ជាប់ប្រកបដោយចីរភាព លើកកម្ពស់ពាណិជ្ជកម្មសេរី និងយុត្តិធម៌ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងតំបន់អាស៊ាន។
វាក៏បង្ហាញពីវិធីសាស្រ្ត និងគំនិតផ្តួចផ្តើមរបស់ Team Europe ទៅលើការតភ្ជាប់ប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរបៃតងនៅក្នុងតំបន់អាស៊ានផងដែរ។ យោងតាមយុទ្ធសាស្ត្រ Global Gateway សហភាពអឺរ៉ុបបានសន្យាកៀរគរការវិនិយោគចំនួន ១០ប៊ីលានអឺរ៉ូ (១០,៧៥ប៊ីលានដុល្លារអាម៉េរិក) ពី Team Europe សម្រាប់កម្មវិធីបៃតង និងការតភ្ជាប់ក្នុងតំបន់អាស៊ាន៕
ប្រភព៖ AKP