បរទេស៖ សេវាសារព័ត៌មានរបស់អាជ្ញាធរបាននិយាយនៅក្នុងបណ្តាញតេឡេក្រាមថា យ៉ាងហោចណាស់មានកុមារចំនួន ១៥.០០២នាក់បានស្លាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការកើនឡើងភាពតានតឹងមួយទៀតនៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានផ្ទុះឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។
យោងតាមសេវាសារព័ត៌មាននោះ បានឱ្យដឹងថា យ៉ាងហោចណាស់កុមារចំនួន ៣០នាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ។ លើសពីនេះ អនិតិជនប្រមាណ ១៧.០០០នាក់ ត្រូវបានក្លាយជាក្មេងកំព្រា ឬបាត់បង់ឪពុក ឬម្តាយ ដោយសារការប្រយុទ្ធគ្នានោះ។
ភាពតានតឹងបានផ្ទុះឡើងនៅមជ្ឈិមបូព៌ា បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស់មកពីតំបន់ហ្គាហ្សាស្ទ្រីប បានវាយប្រហារទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលជនជាតិអ៊ីស្រាអែលជាច្រើនដែលរស់នៅក្បែរព្រំដែនត្រូវបានសម្លាប់ ឬចាប់ធ្វើជាចំណាប់ខ្មាំង។ ជាការឆ្លើយតប អ៊ីស្រាអែលបានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្គាហ្សាស្ទ្រីប ហើយបានបើកការទម្លាក់គ្រាប់បែកលើតំបន់ព័ទ្ធជុំវិញ និងតំបន់មួយចំនួនក្នុងប្រទេសលីបង់ និងស៊ីរី ហើយបន្ទាប់មកបានបន្តធ្វើប្រតិបត្តិការជើងគោកនៅតំបន់ដែលបានឡោមព័ទ្ធ៕
ប្រភព៖ AKP