បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយកាលពីពេលថ្មីៗនេះថា កងទ័ពបារាំងនឹងក្លាយជាគោលដៅសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ប្រសិនបើពួកគេបង្ហាញខ្លួននៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេស។
លោកស្រី ហ្សាខារ៉ូវ៉ា បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា «ប្រសិនបើបារាំងបង្ហាញខ្លួននៅក្នុងតំបន់ជម្លោះ ពួកគេនឹងក្លាយជាគោលដៅរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីដោយចៀសមិនរួច»។
ប្រធានាធិបតីបារាំងលោក អេមម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន The Economist កាលពីសប្តាហ៍មុនថា លោកមិនបានបដិសេធចំពោះការបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែនទេ ដូច្នេះទីក្រុងគៀវគួរតែផ្ញើសំណើមួយមក។
សេចក្តីថ្លែងការណ៍ដ៏ញុះញង់នេះ បានជំរុញឱ្យមានការប្រតិកម្មយ៉ាងខ្លាំងមិនត្រឹមតែនៅក្នុងប្រទេសបារាំងប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងទ្វីបអឺរ៉ុប ខណៈដែលអ្នកនយោបាយជាច្រើនបានព្រមានលោក ម៉ាក្រុន ប្រឆាំងនឹងទង្វើបែបនេះ៕
ប្រភព៖ AKP