បរទេស៖ ប្រធានាធិបតីស៊ែរប៊ី លោក អាឡិចសាន់ដារ វូស៊ីក (Aleksandar Vucic) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធថា ប្រទេសស៊ែរប៊ី និងប្រទេសចិន បានប្តេជ្ញាអភិវឌ្ឍកិច្ចសហប្រតិបត្តិការ និងអនុវត្តផែនការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
លោក ស៊ី បានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសស៊ែរប៊ីកាលពីថ្ងៃអង្គារដល់ថ្ងៃពុធ ហើយបានជួបប្រជុំជាមួយលោក វូស៊ីក។ បន្ថែមពីលើសេចក្តីថ្លែងការណ៍រួមនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារប្រហែល៣០ បន្ថែមទៀត ស្តីពីការយល់ដឹង និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។
សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នាបង្កើនពាណិជ្ជកម្មទ្វេភាគី ជាពិសេសការផ្គត់ផ្គង់ផលិតផលកសិកម្មរបស់ស៊ែរប៊ីដល់ប្រទេសចិន ដើម្បីធ្វើការរួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស៊ែរប៊ី ដែលរួមមានទាំងផ្លូវដែកផងដែរ ដើម្បីបង្កើនចំនួនការធ្វើដំណើរតាមរថភ្លើងដឹកទំនិញ និងរួមគ្នាអភិវឌ្ឍឱសថពេទ្យ និងជីវបច្ចេកវិទ្យា។
លោកប្រធានាធិបតីទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា ប្រទេសទាំងពីរនឹងគាំទ្រការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ បូរណភាពទឹកដីនៃរដ្ឋទាំងអស់ និងតស៊ូមតិចំពោះពិភពលោកពហុប៉ូលស្មើគ្នា និងមានរបៀបរៀបរយ ប្រឆាំងនឹងអនុត្តរភាព និងនយោបាយនៃការប្រើកងកម្លាំង។
គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គឺជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកលលោកដែលបង្កើតដោយប្រទេសចិននៅក្នុងឆ្នាំ២០១៣។ ដោយត្រូវបានបំផុសគំនិតដោយគម្រោងផ្លូវសូត្របុរាណ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ មានគោលបំណងតភ្ជាប់ប្រទេសចិនទៅកាន់តំបន់អាស៊ីកណ្តាល រុស្ស៊ី និងអឺរ៉ុបតាមផ្លូវគោក និងទៅកាន់តំបន់អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និង អាហ្រ្វិកទៅកាន់តំបន់អាម៉េរិកឡាទីន និងតំបន់ការាបៀនតាមសមុទ្រ។ បច្ចុប្បន្ន គំនិតផ្តួចផ្តើមនេះមានប្រទេសជាង១៥០ ចូលរួម ហើយមានប្រទេសរាប់សិបទៀតកំពុងពិចារណាចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។ នៅខែតុលា ឆ្នាំ២០២៣ ប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ៕
ប្រភព៖ AKP