បរទេស៖ ក្រុមអ្នកជំនាញបាននិយាយកាលពីពេលថ្មីៗនេះថា សីតុណ្ហភាពក្តៅខ្លាំងនៅទូទាំងប្រទេសថៃនាពេលកន្លងមក បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម សង្គមសេដ្ឋកិច្ច និងបរិស្ថានក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលមិនធ្លាប់ឃើញពីមុនមក។
នៅក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោកសាស្ត្រាចារ្យរង សេរី ស៊ូប៉ារ៉ាទីត (Seri Suparatit) នាយកប្រតិបត្តិនៃក្រុមហ៊ុន Futuretales LAB និងជាសមាជិកនៃក្រុមអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ បាននិយាយថា រលកកម្តៅបានបញ្ចប់កាលពីថ្ងៃទី០៥ ខែឧសភា ប៉ុន្តែខេត្តភាគខាងកើត និងភាគឦសានមួយចំនួនត្រូវបានគេព្យាករណ៍ថានឹងបន្តជួបប្រទះនឹងរលកកម្តៅដែលមានសីតុណ្ហភាពលើសពី ៤០អង្សាសេ។
លោកបាននិយាយថា អាកាសធាតុក្តៅខ្លាំងចាប់ពីខែមេសាដល់ដើមខែឧសភា បានជះឥទ្ធិពលដល់ទិន្នផលផ្លែឈើសំខាន់ៗជាច្រើននៅក្នុងប្រទេស ដោយលោកបានបញ្ជាក់ថា ទិន្នផលផ្លែទុរេននៅក្នុងឆ្នាំនេះប្រហែលជា ៤០% រងការខូចខាត ដូង ៩០% ប្រហែលជានឹងមិនចេញផ្លែ ហើយចំការទំពាំងបាយជូរអាចរងការខូចខាតផ្លែប្រហែល ៧០%។
ទន្ទឹមនឹងនេះដែរ លោក សំគួន តុនចាន់ (Somkuan Tonjan) ប្រធានការិយាល័យព្យាករណ៍អាកាសធាតុកណ្តាលនៃនាយកដ្ឋានឧតុនិយមបាននិយាយថា អាកាសធាតុក្តៅខ្លាំងបានចប់ហើយ ប៉ុន្តែមានឱកាសដែលសីតុណ្ហភាពក្តៅខ្លាំងនៅតែអាចឡើងដល់ ៤៤អង្សាសេ ឬខ្ពស់ជាងនេះនៅក្នុងតំបន់មួយចំនួន។
ក្រុមអ្នកជំនាញទាំងនោះបានរំពឹងថា ប្រទេសថៃនឹងចូលរដូវវស្សានៅចុងខែនេះ៕
ប្រភព៖ AKP