ជប៉ុន​នឹង​ផ្តល់​ផែនទីនៃហានិភ័យ​គ្រោះទឹកជំនន់​សម្រាប់​ប្រទេសចំនួន៤ នៅ​អាស៊ីអាគ្នេយ៍

0

បរទេស៖ ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមផ្តល់ផែនទីនៃហានិភ័យគ្រោះទឹកជំនន់សម្រាប់ប្រទេសវៀតណាម ឥណ្ឌូណេស៊ី ថៃ និងកម្ពុជា នៅក្នុងឆ្នាំសារពើពន្ធបន្ទាប់ ដើម្បីជួយដល់ប្រទេសក្នុងអាស៊ីអាគ្នេយ៍ទាំងនោះក្នុងការកាត់បន្ថយការខូចខាតដោយសារគ្រោះទឹកជំនន់។

ផែនទីនោះនឹងប្រើប្រាស់ទិន្នន័យអង្កេតផ្កាយរណប ដើម្បីព្យាករណ៍គ្រោះទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន បានចេញផ្សាយផែនទីនៃហានិភ័យគ្ករោះទឹកជំនន់សម្រាប់ផ្នែកផ្សេងៗនៃប្រទេសជប៉ុនរួចហើយ ដោយបានបង្ហាញពីភាពញឹកញាប់ និងជម្រៅនៃការជន់លិចដែលបណ្តាលមកពីទឹកជំនន់។ ផ្អែកលើទិន្នន័យអង្កេតដែលប្រមូលបាននៅលើដី រួមទាំងតាមរង្វាស់ទឹកភ្លៀង ផែនទីនោះបង្ហាញពីហានិភ័យនៃការជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង ដែលទំនងជានឹងកើតឡើងរៀងរាល់ ១០ឆ្នាំ ៣០ឆ្នាំ ៥០ឆ្នាំ ១០០ឆ្នាំ និង ១៥០ឆ្នាំ ឬ ២០០ឆ្នាំម្តង ជាមួយនឹងព័ត៌មានដែលត្រូវប្រើប្រាស់ដើម្បីសម្រួលដល់ភាពរលូននៃការជម្លៀសប្រជាជន និងផែនការសហគមន៍។

ដោយសារប្រទេសវៀតណាម ឥណ្ឌូណេស៊ី ថៃ និងកម្ពុជាតែងតែរងទទួលរងគ្រោះដោយទឹកជំនន់ទ្រង់ទ្រាយធំ ក្រសួងនោះបានចាត់ទុកថា វាមានប្រយោជន៍សម្រាប់ពួកគេក្នុងការមានផែនទីស្រដៀងគ្នានេះ ដែលបង្ហាញយ៉ាងច្បាស់ពីហានិភ័យនៃគ្រោះទឹកជំនន់នៅក្នុងតំបន់គោលដៅនានា។

ដោយសារប្រទេសទាំងនោះមិនមានទិន្នន័យអង្កេតមូលដ្ឋានគ្រប់គ្រាន់ ក្រសួងបានសម្រេចចិត្តបង្កើតផែនទីនៃតំបន់ជាក់លាក់មួយ បន្ទាប់ពីការធ្វើត្រាប់តាមទឹកជំនន់ដោយប្រើទិន្នន័យសង្កេតដែលប្រមូលបានដោយប្រព័ន្ធផែនទីផ្កាយរណបទឹកភ្លៀងសកលលោក (GSMaP) ដែលដំណើរការដោយទីភ្នាក់ងាររុករកអវកាសជប៉ុន។

ក្រសួងនោះបានចាប់ផ្តើមពិភាក្សាជាមួយប្រទេសទាំងបួននៅក្នុងសារពើពន្ធឆ្នាំ២០២៣ ដើម្បីជ្រើសរើសតំបន់គោលដៅ។ វាគ្រោងនឹងផ្តល់កំណែគំរូនៃផែនទីដល់ប្រទេសនីមួយៗនៅចុងសារពើពន្ធឆ្នាំ២០២៥៕

ប្រភព៖ AKP