មេដឹកនាំកូរ៉េខាងជើងអបអរសាទរ លោក ពូទីន សម្រាប់ការចាប់ផ្ដើមជាផ្លូវការក្នុងអាណត្តិទី៥

0

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) សម្រាប់ការចាប់ផ្តើមជាផ្លូវការក្នុងអាណត្តិទី៥របស់លោក ក្នុងនាមជាមេដឹកនាំទីក្រុងម៉ូស្គូ ចំពេលមានកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងប្រជាជាតិទាំងពីរ។

លោក ពូទីន បានចាប់ផ្តើមអាណត្តិទី៥ របស់លោកកាលពីថ្ងៃអង្គារ ដោយបន្តការគ្រប់គ្រងរយៈពេល ២៤ឆ្នាំរបស់លោកសម្រាប់រយៈពេល ៦ឆ្នាំទៀត បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតរបស់ប្រទេសរុស្ស៊ីកាលពីខែមីនា។

លោក គីម ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ក្នុង​ការ​​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េថា «សមមិត្តជាទីគោរព លោក គីម ជុងអ៊ុន បានអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក ពូទីន ជាថ្មីម្តងទៀតក្នុងពិធីចូលកាន់តំណែងជាប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី និងជូនពរឱ្យលោកទទួលបានជោគជ័យយ៉ាងធំធេងក្នុងការងារប្រកបដោយការទទួលខុសត្រូវរបស់លោក សម្រាប់ប្រទេសរុស្ស៊ី និងប្រជាជន»។

នេះជា​សារ​អបអរសាទរ​ទី​២ ​ដែល​លោក គីម បាន​ផ្ញើ​ទៅ​កាន់​លោក ពូទីន ក្នុង​ការ​បោះឆ្នោត​ឡើងវិញ​របស់​លោក។ កាលពីខែមីនា លោក គីម បានផ្ញើលិខិតមួយដោយប្តេជ្ញាថា «នឹងនាំមកនូវយុគសម័យថ្មីនៃទំនាក់ទំនងមិត្តភាពកូរ៉េខាងជើង-រុស្ស៊ី ស្របតាមតម្រូវការនៃសម័យកាល និងជំរុញឱ្យមានការសម្រេចបាននូវបុព្វហេតុនៃការកសាងប្រទេសដ៏មានឥទ្ធិពលមួយ»។

សារចុងក្រោយនេះបានកើតឡើងនៅពេលដែលទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ីកាន់តែស៊ីជម្រៅយ៉ាងខ្លាំង បន្ទាប់ពីកិច្ចប្រជុំកំពូលដ៏កម្រមួយរវាងមេដឹកនាំរបស់ពួកគេក្នុងខែកញ្ញា ដែលបង្កឱ្យមានការរំពឹងទុកជុំវិញការផ្ទេរអាវុធរបស់ទីក្រុងព្យុងយ៉ាងទៅកាន់ទីក្រុងមូស្គូសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួននៅប្រទេសអ៊ុយក្រែន។

កាលពីសប្តាហ៍មុន សេតវិមានបាននិយាយថា ប្រទេសរុស្ស៊ីបានបញ្ជូនប្រេងចម្រាញ់ជាង ១៦៥,០០០បារ៉ែលទៅឱ្យប្រទេសកូរ៉េខាងជើងក្នុងខែមីនាតែម្នាក់ឯង ដោយសេតវិមានបានកត់សម្គាល់ថា ការនាំចេញបែបនេះបានលើសពីចំនួនកំណត់ប្រចាំឆ្នាំចំនួន ៥០០,០០០បារ៉ែល ដែលកំណត់ដោយទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានដាក់លើប្រទេសកូរ៉េខាងជើងក្នុងឆ្នាំ២០១៧៕

ប្រភព៖ AKP