បរទេស៖ ខណៈដែលភាពតានតឹងនៅតែបន្តកើនឡើងនៅក្នុងតំបន់ហ្គាហ្សា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អានតូញ៉ូ ហ្គូធឺរែស (Antonio Guterres) បានអំពាវនាវជាថ្មីម្តងទៀតឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់បង្ហាញពី «ភាពក្លាហានផ្នែកនយោបាយ» និងធ្វើការឆ្ពោះទៅរកការធានានៃបទឈប់បាញ់។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក លោក ហ្គូធឺរេស បានលើកឡើងពីស្ថានភាពធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសនៅទីក្រុងរ៉ាហ្វាហ៍ ដែលជាប់ព្រំដែនប្រទេសអេហ្ស៊ីប ហើយបច្ចុប្បន្នកំពុងពោរពេញដោយជនភៀសខ្លួនប៉ាឡេស្ទីន។
លោក ហ្គូធឺរែស បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌ ដោយកត់សម្គាល់ថា ជំនួយសំខាន់ៗ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈជិតអស់ហើយ។ លោកបាននិយាយថា «ការបិទច្រកឆ្លងកាត់ទីក្រុងរ៉ាហ្វាហ៍ និងទីក្រុងការ៉េម សាឡុម ជាពិសេស គឺធ្វើឱ្យខូចខាតដល់ស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយ។ ពួកគេត្រូវតែបើកច្រកឡើងវិញជាបន្ទាន់» ។
ប្រមុខអង្គការសហប្រជាជាតិ បានគូសបញ្ជាក់អំពីផលវិបាកធ្ងន់ធ្ងរនៃការបន្តការប្រយុទ្ធ ជាពិសេសការវាយប្រហារពេញលេញដែលអាចកើតមានលើទីក្រុងរ៉ាហ្វាហ៍ ដែលលោកបានពិពណ៌នាថា ជា «មហន្តរាយមនុស្សជាតិ» ។ លោកបានព្រមានថា «ជនស៊ីវិលរាប់មិនអស់ដែលស្លាប់ និងរបួស។ គ្រួសារជាច្រើនរាប់មិនអស់ត្រូវបានបង្ខំឱ្យភៀសខ្លួនម្តងទៀត ដោយគ្មានកន្លែងដែលមានសុវត្ថិភាពដើម្បីទៅ។ ព្រោះគ្មានកន្លែងសុវត្ថិភាពនៅតំបន់ហ្កាហ្សា»។
សុន្ទរកថារបស់លោក ហ្គូធឺរែស ឆ្លុះបញ្ចាំងពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃជម្លោះមិនត្រឹមតែលើតំបន់ហ្គាហ្សាប៉ុណ្ណោះទេ ថែមទាំងលើមជ្ឈិមបូព៌ាដ៏ទូលំទូលាយផងដែរ។លោកបាននិយាយថា «សូម្បីតែមិត្តល្អបំផុតរបស់អ៊ីស្រាអែលក៏ដឹងច្បាស់ដែរថា ការវាយប្រហារលើទីក្រុងរ៉ាហ្វាហ៍នឹងក្លាយជាកំហុសយុទ្ធសាស្ត្រ គ្រោះមហន្តរាយផ្នែកនយោបាយ និងជាសុបិន្តដ៏អាក្រក់សម្រាប់កិច្ចការមនុស្សធម៌»៕
ប្រភព៖ AKP