គណៈរដ្ឋមន្ត្រី​សង្គ្រាម​អ៊ីស្រាអែល​អនុម័ត​លើ​ការ​វាយ​ប្រហារតាមផ្លូវគោក​​ក្នុងទីក្រុង រ៉ាហ្វាហ៍ នៃ​តំបន់​ហ្គាហ្សា

0

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា   គណៈរដ្ឋមន្ត្រីសង្គ្រាមរបស់ប្រទេសអ៊ីស្រាអែលបានអនុម័តលើការបើកការវាយប្រហារតាមផ្លូវគោកលើទីក្រុងរ៉ាហ្វាហ៍ ដែលនឹងប្រព្រឹត្តទៅបន្ទាប់ពីប្រជាជនស៊ីវិលត្រូវបានជម្លៀសចេញ។

គេហទំព័រវ៉ាយណេតរបស់អ៊ីស្រាអែលបានរាយការណ៍ថា ប្រតិបត្តិការនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើម «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ» ។

គេហទំព័រនេះបាននិយាយថា ឧប្បត្តិហេតុចំនួន ២បានកើតឡើង មុនការសម្រេចចិត្តនៃការទទូចរបស់ក្រុមហាម៉ាស់ក្នុងការបញ្ចប់ជម្លោះ និងការវាយប្រហារដោយគ្រាប់រ៉ុក្កែតដ៏សាហាវនៅលើផ្លូវឆ្លងកាត់តំបន់កេរេម សាឡុម ដែលទាហាន ៤នាក់ត្រូវបានសម្លាប់។ កងទ័ព​បាន​ទម្លាក់​ខិត្តប័ណ្ណ ​ដោយ​ឱ្យ​ជន​ស៊ីវិល​នៅក្នុងទី​ក្រុងរ៉ាហ្វាហ៍ជម្លៀស​ចេញ។

ប្រភពសន្តិសុខប៉ាឡេស្ទីន និងសាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថា ក្នុងពេលជាមួយគ្នានោះ កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសលើតំបន់ភាគខាងកើតទីក្រុងរ៉ាហ្វាហ៍ ក្នុងតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូង។

ប្រភព និងសាក្សីបានប្រាប់សារព័ត៌មានស៊ីនហួថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបង្កើតខ្សែក្រវាត់ភ្លើងនៅតំបន់ហ្គាហ្សាជុំវិញព្រលានយន្តហោះ និងនៅជាយក្រុងនៃសង្កាត់អាល់ សាឡាម ភាគខាងកើតនៃទីក្រុងរ៉ាហ្វាហ៍៕

ប្រភព៖​ AKP