ប្រធានាធិបតីប៉ាឡេស្ទីនសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អេហ្ស៊ីប និងកាតាសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា

0

បរទេស៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាហ៍មូដ អាប់បាស់ (Mahmoud Abbas) បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីប និងកាតាក្នុងការសម្រុះសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្គាហ្សាស្ទ្រីប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន (WAFA) លោក អាប់បាស់ បានសម្តែងក្តីសង្ឃឹមនៃការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល  ចំពោះ «បទឈប់បាញ់ និងការដកខ្លួនចេញទាំងស្រុងពីតំបន់ហ្គាហ្សាស្ទ្រីប»។

លោក អាប់បាស់ បានជំរុញសហគមន៍អន្តរជាតិឱ្យដាក់សម្ពាធលើអ៊ីស្រាអែលឱ្យយល់ព្រមលើបទឈប់បាញ់ និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន។

នៅព្រឹកថ្ងៃដដែល ក្រុមហាម៉ាស់បានប្រកាសថា ខ្លួនបានជូនដំណឹងដល់អ្នកសម្រុះសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប និងកាតាថា ខ្លួនបានយល់ព្រមលើសំណើបទឈប់បាញ់សម្រាប់តំបន់ហ្គាហ្សាស្ទ្រីប។

ក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អ៊ីស្មាអ៊ីល ហានីយេហ៍ (Ismail Haniyeh) ប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានធ្វើការហៅទូរស័ព្ទដាច់ដោយឡែកពីគ្នា ជាមួយនាយករដ្ឋមន្ត្រីកាតា លោក សែកហ៍ ម៉ូហាមមេដ ប៊ីន អាប់ឌុលរ៉ាហ៍​ម៉ាន អាល់ ថានី (Sheikh Mohammed bin Abdulrahman Al Thani) និងប្រធានស៊ើបការណ៍អេហ្ស៊ីប លោក អាប់បាស់ កាមែល (Abbas Kamel) ដើម្បីជូនដំណឹងដល់ពួកគេអំពីការសម្រេចចិត្តនេះ។

ការប្រកាសរបស់ក្រុមហាម៉ាសបានធ្វើឡើងនៅប៉ុន្មានម៉ោង បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានទាមទារឱ្យប្រជាជនប្រហែល ១០០,០០០នាក់នៅតំបន់ភាគខាងកើតក្នុងទីក្រុងរ៉ាហ្វាហ៍ នៃភាគខាងត្បូងតំបន់ហ្គាហ្សា ត្រូវជម្លៀសទៅកាន់តំបន់អាល់ ម៉ាវ៉ាស៊ី ភាគនិរតីនៃតំបន់ហ្គាហ្សាស្ទ្រីប៕

ប្រភព៖ AKP