បរទេស៖ ប្រទេសរុស្ស៊ីបានព្រមានថា ខ្លួនអាចកំណត់គោលដៅទីតាំង និងឧបករណ៍យោធារបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសអ៊ុយក្រែន និងលើសពីនេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនដោយប្រើអាវុធរបស់ចក្រភពអង់គ្លេសនៅលើទឹកដីរុស្ស៊ី។
យោងតាមក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅប្រទេសរុស្ស៊ី លោក នីហ្គែល កាសេយ (Nigel Casey) ដើម្បីតវ៉ាប្រឆាំងនឹងការលើកឡើងនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដាវីដ កាមេរ៉ុន (David Cameron) ស្តីពី «សិទ្ធិរបស់អ៊ុយក្រែនក្នុងការវាយប្រហារលើទឹកដីរុស្ស៊ីដោយប្រើអាវុធរបស់ចក្រភពអង់គ្លេស»។
ក្រសួងបាននិយាយថា សេចក្តីថ្លែងការណ៍របស់លោក កាមេរ៉ុន ផ្ទុយនឹងការធានាពីមុនដែលថា កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ចក្រភពអង់គ្លេសនឹងមិនត្រូវបានប្រើដោយអ៊ុយក្រែន ដើម្បីវាយប្រហារក្នុងទឹកដីរុស្ស៊ីក្នុងកាលៈទេសៈណាក៏ដោយ។
ប្រទេសរុស្ស៊ីចាត់ទុកពាក្យរបស់លោក កាមេរ៉ុន ថា ជា«ភស្តុតាងនៃការកើនឡើងដ៏ធ្ងន់ធ្ងរ» និងជា«ការបញ្ជាក់អំពីការកើនឡើងនៃការចូលរួមរបស់ទីក្រុងឡុងដ៍ក្នុងប្រតិបត្តិការយោធានៅខាងទីក្រុងគៀវ»៕
ប្រភព៖ AKP