ម៉ាឡាវីបើកការនាំចេញសណ្តែកសៀងទៅកាន់ប្រទេសចិន

0

បរទេស៖ ឧស្សាហកម្ម​សណ្តែកសៀង​របស់​ប្រទេស​ម៉ា​ឡា​វី​បាន​ឈាន​ជើង​ចូល​ទីផ្សារ​ចិន ខណៈ​ដែល​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ស្វែងរក​ការ​បង្កើន​ការ​នាំ​ចេញ​កសិកម្ម​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​។

លោក ភូ​ល វេ​ង​វេ​រ៉េ (Paul Kwengwere) នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​វិនិយោគ និង​ពាណិជ្ជកម្ម​ម៉ា​ឡា​វី បាន​បញ្ជាក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ការ​បញ្ជូន​សាកល្បង​ទម្ងន់ ២៤០​តោន​ដោយ​ក្រុមហ៊ុន Paramount Holdings Limited ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ត្រូវ​បាន​នាំ​ចេញ​ដោយ​ជោគជ័យ និង​អនុម័ត​ដោយ​អាជ្ញាធរ​ចិន​។ លោក​បាន​បន្ត​ថា នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ដែល​រួម​មាន ទីភ្នាក់ងារ​រដ្ឋាភិបាល សហគ្រាស​ឯកជន និង​តំណាង​ភាគី​ចិន​។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន Paramount Holdings Limited លោក ម៉ា​ហេ​ស ហ្គេ​ឌៀ (Mahesh Ghedhia) បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​ជោគជ័យ​ចេញពី​ក្រុមហ៊ុន​ដែល​ឆ្លងកាត់​ដំណើរការ​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ចិន ដើម្បី​បញ្ជាក់​ពី​គុណភាព​នៃ​ផលិតផល មុន​ពេល​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​។ លោក​បន្ត​ថា ការ​សាកល្បង​ជោគជ័យ​នឹង​នាំ​ឱ្យ​ក្រុមហ៊ុន​របស់​លោក​នាំ​ចេញ​សណ្តែកសៀង​ចំនួន ២០,០០០​តោន​។

លោក ហ្គេ​ឌៀ ត្រូវ​បាន​ដកស្រង់​សម្តី​ថា «​ការ​ដឹក​ជញ្ជូន​នេះ​បើកទ្វារ​សម្រាប់​អ្នក​នាំ​ចេញ​ម៉ា​ឡា​វី ហើយ​យើង​គ្រោង​នឹង​បង្កើន​បរិមាណ​របស់​យើង​ដោយសារ​ទីផ្សារ​ចិន​កំពុង​ស្វែងរក​សណ្តែកសៀង ១០០,០០០​តោន​។ យើង​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ចំនួន ២០,០០០​តោន​»​។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច លោក សូ​ស្ទេ​ន វេ​ង​វេ (Sosten Gwengwe) បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា កិច្ចព្រមព្រៀង​នាំ​ចេញ​ជាមួយ​ប្រទេស​ចិន គឺជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ហើយ​រហូត​មក​ដល់​ពេល​នេះ ពួក​គេ​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តី​ពី​សណ្តែកសៀង គ្រាប់​ម៉ា​កា​ដា​មៀ ផ្លែ​ម្ទេស​ស្ងួត និង​ការ​ចរចា​កំពុង​បន្ត​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តី​ពី​ថ្នាំជក់ ដំណាំ​តែ និង​ត្រី​លម្អ​៕

ប្រភព៖ AKP