សាលារៀនជាច្រើនបានបិទទ្វារក្នុងទីក្រុងម៉ានីពួរ ប្រទេសឥណ្ឌា ចំពេលមានភ្លៀងធ្លាក់ខ្លាំង

0

បរទេស៖ យោង​តាម​ប្រមុខរដ្ឋ លោក នុង​ធុម​បា​ម ប៊ី​រេ​ន ស៊ី​ង​ហ៍ (N. Biren Singh) កាលពី​ថ្ងៃ​ចន្ទ​បានឱ្យ​ដឹង​ថា ស្ថាប័ន​អប់រំ​ទាំងអស់ រួម​ទាំង​សាលារៀន និង​មហាវិទ្យាល័យ​នឹង​នៅ​តែ​បិទ​នៅ​ក្នុង​ទីក្រុង​ម៉ា​នី​ពួរ ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា រហូត​ដល់​ថ្ងៃ​អង្គារ ដោយសារ​តែ​អាកាសធាតុ​មិនល្អ មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ផ្គរ​រន្ទះ​។

ភ្លៀង​ធ្លាក់​ឥត​ឈប់​ឈរ​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ទីក្រុង​ក្នុង​រយៈពេល ២​ថ្ងៃ​កន្លង​មកនេះ ដែល​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​តំបន់​។

លោក ស៊ី​ង​ហ៍ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​អ៊ិ​ច ដែល​ពី​មុន​ជា​បណ្ដាញ​សង្គម​ធ្វី​ត​ធ័​រថា «​សាលារៀន និង​មហាវិទ្យាល័យ​ទាំងអស់​នឹង​នៅ​តែ​បិទទ្វារ​នៅ​ថ្ងៃ​ទី​៦ និង​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ ដោយសារ​ស្ថានភាព​អាកាសធាតុ​នៅ​ក្នុង​តំបន់​។ ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​គេ​យក​ជា​វិធានការ​ប្រុង​ប្រយ័ត្ន​ប្រឆាំង​នឹង​ហានិភ័យ​ដែល​បង្ក​ឡើង​ដោយ​លក្ខខណ្ឌ​អាកាសធាតុ​បច្ចុប្បន្ន​»​។

លោក​បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​ជំរុញ​ឱ្យ​អ្នក​ទាំងអស់​គ្នា​រក្សា​ព័ត៌មាន​ថ្មី​ៗ និង​រក្សា​សុវត្ថិភាព​នៅ​ក្នុងផ្ទះ​។ រដ្ឋាភិបាល​រដ្ឋ​កំពុង​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ និង​ជួយ​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់​»​។

ទន្ទឹម​នឹង​នេះ តំបន់​មួយ​ចំនួន​នៃ​ប្រទេស​អាស៊ី​ខាងត្បូង ជា​ពិសេស​នៅ​តំបន់​ភាគ​ខាងកើត ភាគ​ខាងត្បូង និង​កណ្តាល បាន​បន្ត​ជួប​ប្រទះ​នូវ​ស្ថានភាព​រលក​កម្ដៅ ជាមួយនឹង​កម្រិត​បារត​ឡើង​ដល់ ៤៥​អង្សា​សេ​៕

ប្រភព៖ AKP