បរទេស៖ តុលាការបោះឆ្នោតប្រទេសប៉ាណាម៉ាបានប្រកាសថា លោក ចូសេ រូល មូលីណូ (Jose Raul Mulino) បេក្ខជននៃសម្ព័ន្ធភាពដែលប្រឆាំងរួមមានគណបក្ស Realizing Goals និងចលនា Alianza ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីការរាប់សន្លឹកបឋមជាង ៨៥% នៃស្ថានីយ៍បោះឆ្នោត។
លោក មូលីណូ បានចូលប្រកួតប្រជែងក្នុងនាមជាមិត្តរួមដំណែងរបស់អតីតប្រធានាធិបតី លោក រីខាដូ ម៉ារទីណែលលី (Ricardo Martinelli) (ពីឆ្នាំ២០០៩-២០១៤) ប៉ុន្តែបានក្លាយជាបេក្ខភាពក្នុងសិទ្ធិរបស់លោក បន្ទាប់ពីលោក ម៉ារទីណែលលី ត្រូវបានដកសិទ្ធិមិនឱ្យឈរឈ្មោះក្នុងខែមីនា ដោយសារការផ្តន្ទាទោសពាក់ព័ន្ធនឹងការលាងលុយកខ្វក់។
ប្រធានតុលាការរៀបចំការបោះឆ្នោត លោក អាល់ហ្វ្រេដូ ជូនកា (Alfredo Junca) បានបញ្ជាក់តាមរយៈការហៅជាវីដេអូទៅកាន់លោក មូលីណូ ថា លោកគឺជាអ្នកឈ្នះបឋមនៃការប្រកួតប្រជែងប្រធានាធិបតីនៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៤។
លោក មូលីណូ បាននិយាយថា ក្នុងអាណត្តិ ៥ឆ្នាំខាងមុខនេះ លោកមានទំនុកចិត្តក្នុងការបង្កើតរដ្ឋាភិបាលប្រកបដោយសន្តិភាព ស្មោះត្រង់ និងសំខាន់ជាងនេះទៅទៀត គឺអាចដោះស្រាយតម្រូវការដ៏ធំធេងរបស់ប្រជាជនប៉ាណាម៉ា។ អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសន្តិសុខសាធារណៈក៏បានសន្យាថា នឹងដឹកនាំរដ្ឋាភិបាលរួបរួមមួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ដោយមានការិយាល័យបោះឆ្នោតច្រើនជាង ៨៥% ត្រូវបានរាប់សន្លឹកឆ្នោត លោក មូលីណូ បានដឹកនាំបេក្ខជនចំនួន ៨នាក់ជាមួយនឹងសម្លេងឆ្នោត ៣៤% ដែលតាមពីក្រោយដោយ លោក រីកាដូ លុមបាណា (Ricardo Lombana) នៃចលនា Otro Camino ជាមួយនឹងសម្លេងឆ្នោត ២៥%៕
ប្រភព៖ AKP