​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាកើនឡើងដល់ ៣៤,៤៥៤នាក់ ហើយអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងរង់ចាំការឆ្លើយតបរបស់ហាម៉ាសចំពោះបទឈប់បាញ់

0

បរទេស៖ ក្រសួងសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តបានកើនឡើងដល់ ៣៤,៤៥៤នាក់។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៦៦នាក់ និងរបួស ១៣៨នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៤,៤៥៤នាក់ និងរបួសដល់ ៧៧,៥៧៥នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

ជាមួយគ្នានេះ វិទ្យុកាន់ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យបានរាយការណ៍ថា ប្រទេសអ៊ីស្រាអែលកំពុងរង់ចាំការឆ្លើយតបរបស់មេដឹកនាំក្រុមហាម៉ាស់ លោក យ៉ាហ៍យ៉ា ស៊ីនវ៉ា (Yahya Sinwar) ចំពោះសំណើសុំបទឈប់បាញ់នៅក្នុងទឹកដី។

ក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងពិនិត្យឡើងវិញនូវការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះសំណើនៃចលនាសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។

លោក ខាលលី អាល់ ហាយយ៉ា​ (Khalil Al-Hayya) អនុប្រធានក្រុមហាម៉ាស់ប្រចាំតំបន់ហ្គាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហាម៉ាសបានទទួលការឆ្លើយតបជាផ្លូវការរបស់អ៊ីស្រាអែល ចំពោះជំហរនៃចលនាស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលត្រូវបានដាក់ជូនអ្នកសម្របសម្រួលនៃប្រទេសអេហ្ស៊ីប និងកាតាកាលពីថ្ងៃទី១៣ ខែមេសា  លោកបានបន្ថែមថា ក្រុមហាម៉ាស់នឹងប្រគល់ការឆ្លើយតបរបស់ខ្លួនទៅកាន់អ្នកសម្របសម្រួល បន្ទាប់ពីសិក្សាពីការឆ្លើយតបរបស់អ៊ីស្រាអែល។

ប្រទេសកាតា ប្រទេសអេហ្ស៊ីប និងសហរដ្ឋអាមេរិកកំពុងស្វែងរកកិច្ចព្រមព្រៀងមួយសម្រាប់ការផ្លាស់ប្តូរអ្នកទោស និងបទឈប់បាញ់លើកទី២ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បន្ទាប់ពីកិច្ចព្រមព្រៀងទីមួយបានបញ្ចប់កាលពីខែធ្នូឆ្នាំមុន។

ប្រទេសអ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនោះ មានមនុស្សប្រហែល ១,២០០នាក់បានស្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

ប្រភព៖ AKP