បរទេស៖ ប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ាហ៍មូដ អាប់បាស (Mahmoud Abbas) កាលពីថ្ងៃអាទិត្យបានព្រមានអំពីការវាយប្រហាររបស់អ៊ីស្រាអែលដែលអាចកើតមានលើទីក្រុងរ៉ាហ្វាហ៍ ភាគខាងត្បូងតំបន់ហ្គាហ្សា ដោយបង្ហាញពីការភ័យខ្លាចរបស់លោកចំពោះការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីននៅតំបន់វេស ប៊ែងទៅកាន់ប្រទេសហ្ស៊កដានី បន្ទាប់ពីបញ្ចប់ជម្លោះ។
យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីនវ៉ាហ្វាបានឱ្យដឹងថា លោក អាប់បាស បាននិយាយនៅក្នុងសុន្ទរកថាមួយ ក្នុងអំឡុងពេលកិច្ចប្រជុំពិសេសនៃវេទិកាសេដ្ឋកិច្ចពិភពលោកដែលធ្វើជាម្ចាស់ផ្ទះដោយប្រទេសអារ៉ាប៊ីសាអូឌីត។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា «ប្រសិនបើអ៊ីស្រាអែលឈ្លានពានទីក្រុងរ៉ាហ្វាហ៍ ជាកន្លែងដែលប្រជាជនភាគច្រើននៃតំបន់ហ្គាហ្សាស្ទ្រីបប្រមូលផ្តុំគ្នា នោះមហន្តរាយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនប៉ាឡេស្ទីននឹងកើតឡើង ហើយពួកគេនឹងផ្លាស់ទីលំនៅទៅខាងក្រៅតំបន់ហ្គាហ្សាស្ទ្រីប» ។
លោកបានបន្ថែមថា «យើងបានអំពាវនាវឱ្យបញ្ចប់ការឈ្លានពាន និងផ្គត់ផ្គង់ដល់ប្រជាជននូវការឧបត្ថម្ភជំនួយមនុស្សធម៌ដែលពួកគេត្រូវការ ហើយមិនស្ថិតក្រោមកាលៈទេសៈណាក៏ដោយ យើងនឹងទទួលយកការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីន មិនថាមកពីតំបន់ហ្គាហ្សា ឬតំបន់ វេស ប៊ែងនៅខាងក្រៅប្រទេសកំណើតរបស់ពួកគេឡើយ»។
លោកបានកត់សម្គាល់ថា «ខណៈពេលដែលអ៊ីស្រាអែលមានសិទ្ធិទទួលបានសន្តិសុខ ប៉ាឡេស្ទីនក៏មានសិទ្ធិទទួលបានសិទ្ធិសម្រេចដោយខ្លួនឯង ដែលជារដ្ឋឯករាជ្យដូចប្រជាជនដទៃទៀតនៃពិភពលោក»។
ទន្ទឹមនឹងនេះ លោក អាប់បាស បានសម្តែងការភ័យខ្លាចថា ប្រទេសអ៊ីស្រាអែលនឹងផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីតំបន់វេស ប៊ែង ទៅកាន់ប្រទេសហ្ស៊កដានី បន្ទាប់ពីការបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអនុម័តផែនការសម្រាប់ប្រតិបត្តិការជើងគោកនៅទីក្រុងរ៉ាហ្វាហ៍ ប៉ុន្តែមិនអនុញ្ញាតឱ្យកងទ័ពផ្លាស់ទីនៅឡើយទេ។
ទីក្រុងរ៉ាហ្វាហ៍ បានក្លាយជាជម្រកចុងក្រោយសម្រាប់ប្រជាជនប៉ាឡេស្ទីនជាង ១.៤លាននាក់ បន្ទាប់ពីការផ្លាស់ទីលំនៅរបស់ពួកគេពីភាគខាងជើង និងកណ្តាលតំបន់ហ្គាហ្សាស្ទ្រីបដោយសារអំពើហិង្សាដែលកំពុងបន្តរវាងក្រុមហាម៉ាស និងអ៊ីស្រាអែលអស់រយៈពេលជាង ៦ខែ៕
ប្រភព៖ AKP