រោងចក្រថាមពលកម្តៅដំបូងបង្អស់របស់ឥណ្ឌូណេស៊ីឈប់ដំណើរការ

0

បរទេស៖ ក្រសួងកិច្ចការសមុទ្រ និងនេសាទរបស់ឥណ្ឌូណេស៊ី (MMAF) បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីជូនដំណឹងអំពីវឌ្ឍនភាពរបស់ប្រទេសក្នុងការបញ្ឈប់ដំណើរការរោងចក្រថាមពលកម្តៅ Cirebon-1។

លោក រ៉ាចម៉ាត់ កៃមូដឌីន (Rachmat Kaimuddin) អនុប្រធានសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ បាននិយាយថា រោងចក្រថាមពលកម្តៅ Cirebon-1 ដែលមានទីតាំងនៅតំបន់កាន់ស៊ី នៃទីក្រុងស៊ីរេបុន ក្នុងខេត្តចាវ៉ាខាងលិច បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០០៨ ជាមួយនឹងកម្លាំងថាមពលក ៦៦០មេហ្កាវ៉ាត់។ វាត្រូវបានដំណើរការដោយក្រុមហ៊ុន CEP ដែលជាក្រុមហ៊ុនសាជីវកម្មពហុជាតិ។

នៅពេលមុននេះ កាលពីក្នុងខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនថាមពលជាតិ និងអាជ្ញាធរវិនិយោគឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់ប្រតិបត្តិការរោងចក្រនេះក្នុងពេលឆាប់ៗនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងសន្និសីទលើកទី២៨ នៃភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28) ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ២០៦០។

រោងចក្រថាមពលកម្តៅ Cirebon-1 នឹងបញ្ចប់កាតព្វកិច្ចផ្គត់ផ្គង់ថាមពលរបស់ខ្លួននៅក្នុងខែធ្នូ ឆ្នាំ២០៣៦ ជំនួសឱ្យខែកក្កដា ឆ្នាំ២០៤២ ដូចដែលបានគ្រោងទុកកាលពីដំបូង។ នេះគឺជាការអភិវឌ្ឍដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូរថាមពលរបស់ប្រទេសឥណ្ឌូណេស៊ី ដែលជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បានយ៉ាងច្រើន។

ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួនមក អង្គភាពទីមួយនេះបានផលិតថាមពលអគ្គិសនី ៥តេហ្កាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលត្រូវបានបញ្ជូនតាមរយៈប្រព័ន្ធតភ្ជាប់ចាវ៉ា-ម៉ាឌូរ៉ា-បាលី។ ថាមពលដែលផលិតដោយរោងចក្រនេះ ត្រូវបានផ្គត់ផ្គង់ទៅឱ្យកោះចាវ៉ាខាងលិច និងភាគកណ្តាលទីក្រុងហ្សាការតា៕

ប្រភព៖ AKP