មិនមានលក្ខខណ្ឌណាមួយសម្រាប់ពិភាក្សាជាមួយទីក្រុងគៀវនៅពេលនេះទេ

0

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មានថា មិនមានលក្ខខណ្ឌណាមួយសម្រាប់កិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងទីក្រុងគៀវនៅពេលនេះទេ ដូច្នេះហើយ ប្រតិបត្តិការយោធាពិសេសនៅតែបន្ត។

មន្ត្រីវិមានក្រឹមឡាំងបាននិយាយថា «រហូតមកដល់ពេលនេះ នៅពេលនេះមិនទាន់មានកន្លែងណាសម្រាប់កិច្ចពិភាក្សាទេ ពីព្រោះគ្រប់គ្នាដឹងយ៉ាងច្បាស់ពីគោលជំហររបស់ប្រទេសអ៊ុយក្រែនក្នុងការបដិសេធសម្រាប់កិច្ចចរចាប្រភេទណាមួយ។ ដូច្នេះប្រតិបត្តិការយោធាពិសេសនៅតែបន្ត»។

ការ​លើក​ឡើងនេះ លោក ប៉េសកូវ បាន​បញ្ជាក់​ថា គោលជំហរ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន «ត្រូវបានដឹងយ៉ាងច្បាស់»។ លោក​បាន​កត់​សម្គាល់​ថា «លើក​ចុង​ក្រោយ​ដែល​លោក​បាន​លើក​ឡើង​ គីក្នុង​អំឡុង​ពេល​សន្ទនា​ជាមួយ​នឹង​ប្រធានាធិបតី​បេឡារុស្ស លោក[អាឡិចសាន់ដឺរ] លូកាស្សិនកូ»។ លោកក៏បានរំលឹកឡើងវិញផងដែរថា «គោលជំហររបស់រុស្ស៊ី គឺមានភាពសមស្រប»។

នៅថ្ងៃទី១១ ខែមេសា លោក ពូទីន និងលោក លូកាស្សិនកូ បានជួបពិភាក្សាគ្នានៅវិមានក្រឹមឡាំង ជាកន្លែងដែលប្រមុខរដ្ឋរុស្ស៊ីបានសង្កត់ធ្ងន់ម្តងទៀតថា រុស្ស៊ីមិនដែលបដិសេធចំពោះដំណោះស្រាយដោយសន្តិវិធីនៃជម្លោះនោះទេ ហើយតែងតែមានទំនោរចង់ដោះស្រាយជម្លោះតាមរបៀបនេះ។ មេដឹកនាំបេឡារុស្សបានកត់សម្គាល់ថា កិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុលដែលសម្រេចបាននៅនិទាឃរដូវឆ្នាំ២០២២ អាចជាចំណុចចាប់ផ្តើមសម្រាប់កិច្ចពិភាក្សាស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែន៕

ប្រភព៖ AKP