បរទេស៖ កីឡាការិនី Boryana Kaleyn របស់ប៊ុលហ្គារី កាលពីថ្ងៃអាទិត្យបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាកាយសម្ព័ន្ធពិភពលោកឆ្នាំ២០២៤ នៅទីក្រុង Tashkent ដែលធ្វើឱ្យកីឡាការិនីរូបនេះដណ្ដើមបានមេដាយសំរឹទ្ធចំនួនពីរត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ ដោយទទួលបាន ៣៤,៧៥០ពិន្ទុ។
នៅក្នុងវគ្គផ្តាច់ព្រ័ត្ររបស់កីឡាការិនីរូបនេះកាលពីថ្ងៃអាទិត្យ កីឡាការិនីប៊ុលហ្គារីម្នាក់ទៀត គឺកីឡាការិនី Nikol Toodorova ដែលជាអ្នកចំណូលថ្មីក្នុងការប្រកួតព្រឹត្តិការណ៍ពិភពលោកនេះ បានធ្វើឱ្យមានកំហុសធំៗមួយចំនួន ហើយឈរនៅលេខរៀងទីប្រាំបី ដោយទទួលបាន២៧,៩០០ពិន្ទុ។
មេដាយមាសបានទៅលើកីឡាការិនី Takhmina Ikromova របស់ប្រទេសអ៊ូសបេគីស្ថាន (ទទួលបាន ៣៥,៥០០ពិន្ទុ) ហើយម្ចាស់មេដាយមាសកាលពីព្រឹត្តិការណ៍ប្រកួតកីឡាកាយសម្ព័ន្ធពិភពលោក ឆ្នាំ២០២៣ កីឡាការិនី Darja Varfolomeev មកពីប្រទេសអាល្លឺម៉ង់ ដណ្តើមបានមេដាយប្រាក់ ជាមួយនឹងពិន្ទុ ៣៥,៣០០៕
ប្រភព៖ AKP