រដ្ឋមន្រ្ដីពាណិជ្ចកម្មនូវែលសេឡង់៖ ទំនាក់ទំនងពាណិជ្ជកម្មរបស់នូវែលសេឡង់ជាមួយចិននៅតែរឹងមាំ

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងកសិកម្មនូវែលសេឡង់ លោក តូដ ម៉េកក្លេ (Todd McClay) បាននិយាយថា ប្រទេសចិននៅតែជាឱកាសពាណិជ្ជកម្មដ៏រឹងមាំសម្រាប់អ្នកនាំចេញផ្លែគីវី ខណៈដែលអាជីវកម្ម និងអ្នកប្រើប្រាស់របស់ប្រទេសចិននៅតែបន្តផ្តល់តម្លៃដល់ផលិតផលសុវត្ថិភាពគុណភាពខ្ពស់របស់ប្រទេសនូវែលសេឡង់។

លោក ម៉េកក្លេ បាននិយាយថា «ប្រទេសចិន គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់យើងដែលមានចំនួនច្រើនជាង ២៦% នៃការនាំចេញទំនិញរបស់យើង» ការលើកឡើងបែបនេះ បន្ទាប់ពីលោកត្រឡប់មកប្រទេសនូវែលសេឡង់វិញ ជាមួយដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ទីក្រុងហាប៊ីន និងទីក្រុងស៊ាងហៃ ជាកន្លែងដែលលោកបានជួបជាមួយរដ្ឋមន្ត្រី និងអភិបាលក្រុង និងចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្ម និងកសិកម្មជាមួយសហគមន៍នាំចេញរបស់ប្រទេសនូវែលសេឡង់។

លោក ម៉េកក្លេ បាននិយាយថា ឆ្នាំនេះ គឺជាខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដោយលោកបានបន្ថែមថា នេះគឺជាភាពជាដៃគូសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រីបាននិយាយថា ឱកាសថ្មីនៅក្នុងទីផ្សារប្រទេសចិននឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅ នៃការនាំចេញរបស់ប្រទេសនូវែលសេឡង់ទ្វេដងដោយតម្លៃក្នុងរយៈពេល ១០ឆ្នាំ៕

ប្រភព៖ AKP