បរទេស៖ ពិព័រណ៍សន្តិសុខ និងការពារជាតិលើកទី១២ នៅប្រទេសអ៊ីរ៉ាក់ បានចាប់ផ្តើមនៅទីក្រុងបាកដាដ ដោយមានការចូលរួមពីក្រុមហ៊ុនផលិតអាវុធចំនួន ១១២ក្រុមហ៊ុន មកពី ១៩ប្រទេស។
ព្រឹត្តិការណ៍រយៈពេល ៤ថ្ងៃបានប្រមូលផ្តុំគ្នានូវឧបករណ៍ទំនើបៗដូចជា យន្តហោះគ្មានមនុស្សបើក មីស៊ីល កាណុង រថពាសដែក រ៉ាដា ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត កាំភ្លើងយន្ត និងឧបករណ៍ជំនួយដី។
រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ាក់ លោក ថាបេត ម៉ូហាមមេដ អាល់ អាប់បាស៊ី (Thabet Mohammed al-Abbasi) បាននិយាយនៅក្នុងសុន្ទរកថានៅឯពិធីបើកថា «ប្រទេសអ៊ីរ៉ាក់ស្វែងរកការពង្រឹងសមត្ថភាពការពារជាតិនៃកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដោយសិក្សាអំពីបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ពិភពលោក និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យបច្ចេកទេសយោធា»។
លោក ម៉ូហ៍សេន អាល់ ម៉ាន់ដាឡាវី (Mohsen al-Mandalawi) ប្រធានសភាស្តីទីរបស់ប្រទេសអ៊ីរ៉ាក់បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា «នេះពិតជាចាំបាច់ត្រូវធ្វើមូលដ្ឋានីយកម្ម ឧស្សាហកម្មយោធាដោយការលើកទឹកចិត្តដល់ក្រុមហ៊ុនរដ្ឋ និងវិស័យឯកជនឱ្យទាញយកអត្ថប្រយោជន៍ពីឱកាសដ៏អស្ចារ្យនៅក្នុងប្រទេសអ៊ីរ៉ាក់»។
លោក អាល់ ម៉ាន់ដាឡាវី បាននិយាយថា «យើងត្រូវតែចងចាំជានិច្ចថា ប្រទេសដែលមានសុវត្ថិភាព និងស្ថិរភាពគាំទ្រសន្តិភាព ប៉ុន្តែពួកគេត្រូវតែប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ការគំរាមកំហែងណាមួយ» ដោយលោកបានកត់សម្គាល់ថា នៅមានសំណល់នៃក្រុមភេរវកររដ្ឋអ៊ីស្លាម (IS) ដែលកំពុងស្វែងរកឱកាសដើម្បី បន្តប្រតិបត្តិការ។
ស្ថានភាពសន្តិសុខក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងចាប់តាំងពីការកម្ចាត់ក្រុម IS ក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយ សំណល់របស់ក្រុម IS បានលួចចូលទៅក្នុងទីក្រុង វាលខ្សាច់ និងតំបន់រដិបរដុប ដោយធ្វើការវាយប្រហារទ័ពព្រៃជាញឹកញាប់ប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រភព៖ AKP