បរទេស៖ បណ្តារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបផ្តោតការយកចិត្តទុកដាក់សារជាថ្មីម្តងទៀតទៅលើបញ្ហាជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក្នុងកិច្ចប្រជុំទៀងទាត់មួយនៅទីក្រុងលុចសំបួកាលពីថ្ងៃចន្ទ។
នៅមុនថ្ងៃនៃកិច្ចប្រជុំនេះ អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបបានប្រាប់អ្នកសារព័ត៌មានថា បណ្តារដ្ឋមន្ត្រីការបរទេសទាំងនោះនឹងពិភាក្សាគ្នាភ្លាមៗអំពីការបញ្ជូនប្រព័ន្ធការពារប្រឆាំងយន្តហោះទៅឱ្យអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុបនឹងចូលរួមកិច្ចពិភាក្សានោះ។
មិនតែប៉ុណ្ណោះ ក្រុមប្រឹក្សាសហភាពអឺរ៉ុបនឹងពិចារណាក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំងដើម្បីជួយដល់ទីក្រុងគៀវ។
ទាក់ទងនឹងបញ្ហាជម្លោះនៅមជ្ឈិមបូព៌ា រដ្ឋមន្ត្រីការបរទេសរបស់ប្លុកនេះនឹងថ្លឹងថ្លែងសម្រាប់ការពង្រីកទណ្ឌកម្មបន្ថែមទៀតទៅលើអ៊ីរ៉ង់ ជុំវិញការកើនឡើងនៃភាពតានតឹងចុងក្រោយបង្អស់នៅក្នុងតំបន់ដែលបង្កឡើងដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាស់ និងការវាយប្រហារសងសឹករបស់ទីក្រុងតេអេរ៉ង់។ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានផ្តោតសំខាន់ទៅលើការស្វែងរកមធ្យោបាយដោះស្រាយបញ្ហាជម្លោះនៅតំបន់ហ្គាហ្សា៕
ប្រភព៖ AKP