ការរញ្ជួយដី ៥ដងបានវាយប្រហារតំបន់ហួលៀនរបស់កោះតៃវ៉ាន់ក្នុងរយៈពេល ៩នាទី

0

បរទេស៖ ការរញ្ជួយដីចំនួន ៥ដងបានវាយប្រហារទីក្រុងស៊ូហ្វេង នៅតំបន់ហួលៀន ភាគខាងកើតកោះតៃវ៉ាន់កាលពីថ្ងៃចន្ទក្នុងរយៈពេលត្រឹមតែ ៩នាទីប៉ុណ្ណោះ។ នេះបើយោងតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាល Focus Taiwan។

សកម្មភាពរញ្ជួយដីនោះបានកើតឡើងនៅចន្លោះម៉ោង ០៥:០៨នាទីល្ងាចដល់ម៉ោង ០៥:១៧នាទីល្ងាច (ម៉ោងក្នុងស្រុក)។

សារព័ត៌មាន CNA Focus Taiwan បានបង្ហោះនៅលើបណ្តាញសង្គមអ៊ិចថា «ការរញ្ជួយដីចំនួន ៥ដងបានវាយប្រហារទីក្រុងស៊ូហ្វេង នៅតំបន់ហួលៀន ភាគខាងកើតកោះតៃវ៉ាន់ក្នុងរយៈពេលត្រឹមតែ ៩នាទី នៅរវាងម៉ោង ០៥:០៨នាទីល្ងាចដល់ម៉ោង ០៥:១៧នាទីល្ងាច (UTC+8)»។

កាលពីពីរសប្តាហ៍មុន ការរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧,៤រ៉ិចទ័រ បានអង្រួនឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ ដែលបណ្តាលឱ្យមនុស្ស ០៤នាក់ស្លាប់ និងជាង ៧០០នាក់ផ្សេងទៀតរងរបួស។

ទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិបាននិយាយថា គ្រោះរញ្ជួយដីដែលបានវាយប្រហារតំបន់ហួលៀន កាលពីថ្ងៃទី០៣ ខែមេសា បានសម្លាប់មនុស្សចំនួន ០៤នាក់ និងជាង ៧០០នាក់ផ្សេងទៀតរងរបួស ខណៈដែលអ្នករងរបួសចំនួន ១៣២នាក់ស្ថិតនៅក្នុងតំបន់ហួលៀនជិតចំណុចកណ្តាលនៃការរញ្ជួយដីតែម្តង៕

ប្រភព៖ AKP