អ៊ីរ៉ាក់ និងតួកគីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២០ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក អឺដូហ្គែន ទៅកាន់ទីក្រុងបាកដាដ

0

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ាក់ លោក បាសេម អាល់-អាវ៉ាឌី (Basem Al-Awadi) បានប្រាប់សារព័ត៌មានស្ពុតនីក (Sputnik) ថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាំម៉េដ ស្សៀ អាល់ ស៊ូដានី (Mohammed Shia Al Sudani) និងប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២០ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក អឺដូហ្គែន ទៅកាន់ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ។

លោក អាល់-អាវ៉ាឌី បាននិយាយថា «យើងនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្រ្តដ៏សំខាន់មួយទាក់ទងនឹងធនធានទឹក វិបត្តិកង្វះទឹក ការវិនិយោគទឹក… ជាសរុបជាង ២០អនុស្សរណៈនៃការយោគយល់គ្នាដែលនឹងត្រូវបានចុះហត្ថលេខា»។

លោកបាននិយាយបន្ថែមថា មេដឹកនាំទាំងពីរក៏នឹងពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខ ជាពិសេសវត្តមានរបស់កងកម្លាំងតួកគីនៅក្នុងប្រទេសអ៊ីរ៉ាក់ និងសកម្មភាពរបស់គណបក្សពលករឃឺដ (PKK) នៅលើទឹកដីអ៊ីរ៉ាក់ផងដែរ។

កាលពីថ្ងៃអាទិត្យ កាសែតតួកគី Hurriyet បានរាយការណ៍ថា ទីក្រុងអង់ការ៉ា និងទីក្រុងបាកដាដ ត្រូវបានគេរំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀងស្តីពីមជ្ឈមណ្ឌលប្រតិបត្តិការរួមគ្នាមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឃឺដ PKK និងព្រមព្រៀងគ្នាទៅលើការបង្កើតតំបន់សន្តិសុខតាមបណ្តោយព្រំដែនតួកគី-អ៊ីរ៉ាក់ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក អឺដូហ្គែន៕

ប្រភព៖ AKP