រុស្ស៊ីនឹងរៀបចំកិច្ចសន្ទនាធុរកិច្ចជាមួយចិន អ៊ីរ៉ង់ ឥណ្ឌា និងអាហ្វ្រិក នៅក្នុងវេទិកា SPIEF ឆ្នាំ២០២៤

0

បរទេស៖ ប្រទេសរុស្ស៊ីគ្រោងនឹងរៀបចំកិច្ចសន្ទនាធុរកិច្ចទ្វេភាគីជាមួយប្រទេសមួយចំនួន ដែលរួមមានទាំងប្រទេសចិន អ៊ីរ៉ង់ ឥណ្ឌា និងបណ្តារដ្ឋនៅអាហ្វ្រិក នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) ឆ្នាំ២០២៤។ នេះបើយោងតាមកម្មវិធីរបស់វេទិកាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។

យោងតាមកម្មវិធីនោះបានឱ្យដឹងថា «ព្រឹត្តិការណ៍ធុរកិច្ចទ្វេភាគីចំនួន១១ នៅក្នុងទម្រង់នៃកិច្ចសន្ទនាធុរកិច្ចជាមួយដៃគូបរទេសមកពីអាប់ខាហ្សៀ អាស៊ែរបៃហ្សង់ អាហ្រ្វិក វេណេស៊ុយអេឡា ឥណ្ឌា អ៊ីរ៉ង់ កាហ្សាក់ស្ថាន ចិន គៀហ្ស៊ីស្ថាន និងអូម៉ង់ ក៏ដូចជាកិច្ចប្រជុំ EAEU-ASEAN ដែលត្រូវបានគ្រោងនឹងពិភាក្សាអំពីបញ្ហាសកល និងបញ្ហាសំខាន់ៗនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងឆ្នាំ២០២៤»។

អ្នករៀបចំកម្មវិធីបាននិយាយនៅក្នុងកម្មវិធីនោះថា កម្មវិធីធុរកិច្ច SPIEF ឆ្នាំ២០២៤ ចម្បងៗត្រូវបានបែងចែកជា ៤ផ្នែកតាមប្រធានបទ ដែលត្រូវនឹងគោលបំណងសំខាន់នៃវេទិកា គឺដើម្បីរក្សាតុល្យភាពថាមពលសកលលោក និងកសាងប្រព័ន្ធអន្តរជាតិពហុប៉ូល។

វេទិកាធុរកិច្ច SPIEF ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែមិថុនា៕

ប្រភព៖ AKP