ប្រធានាធិបតីអ៊ីរ៉ង់ទៅដល់ប៉ាគីស្ថានសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ

0

បរទេស៖​ ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានទៅដល់រដ្ឋធានីអ៊ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថានសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃ ដែលជាដំណើរទស្សនកិច្ចនៅបរទេសជាលើកដំបូងរបស់លោកក្នុងអំឡុងឆ្នាំប្រតិទិនថ្មីរបស់ប្រទេសអ៊ីរ៉ង់។

ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយនៅលើបណ្តាញសង្គមអ៊ិចថា «ប្រធានាធិបតីអ៊ីរ៉ង់ ឯកឧត្តមបណ្ឌិត អេប្រាហ៊ីម រ៉ៃស៊ី ទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដោយលោកត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអ៊ីស្លាម៉ាបាដ។ លោកត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្ត្រីសហព័ន្ធសម្រាប់លំនៅដ្ឋាន និងការងារប៉ាគីស្ថាន លោក មីអាន់ រីអាហ្ស ហ៊ូសសេន ពៀហ្សាដា (Mian Riaz Hussain Pirzada) និងឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅអ៊ីរ៉ង់ លោក មូដាសសៀរ ទីពូ (Mudassir Tipu)»។

ក្រសួងនោះបាននិយាយបន្ថែមថា លោក រ៉ៃស៊ី ត្រូវបានអមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសសេន អាមៀរ៉ាប់ដុលឡាហៀន (Hossein Amirabdollahian) ផងដែរ។

ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍កាលពីថ្ងៃចន្ទថា ដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះ គឺសំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០ប៊ីលានដុល្លារអាម៉េរិក ក៏ដូចជាការអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ មន្រ្តីអ៊ីរ៉ង់ និងប៉ាគីស្ថានត្រូវបានគេរំពឹងទុកថានឹងចុះហត្ថលេខាលើឯកសារមួយចំនួនក្នុងវិស័យពាណិជ្ជកម្ម សុខាភិបាល សេដ្ឋកិច្ច សន្តិសុខ តុលាការ និងកសិកម្ម។

ទីភ្នាក់ងារសារព័ត៌មាននោះបានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់គ្រោងនឹងជួបពិភាក្សាជាមួយសមភាគីប៉ាគីស្ថាន លោក អាស៊ីហ្វ អាលី ហ្សាដារី (Asif Ali Zardari)៕

ប្រភព៖ AKP