ព្រឹកថ្ងៃពុធស្អែកនេះនឹងមានការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោកម្ពុជា-សាវលីញចិន នៅបរិវេណប្រាសាទបាយ័ន

0

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែមេសា ឆ្នាំ​២០២៤ ស្អែក​នេះ​នឹង​មានការ​សម្ដែង​រួម​គ្នា​ដ៏​ធំ​មួយ ជា​លើក​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​រវាង​ក្បាច់គុន​ល្បុក្កតោ​កម្ពុជា និង​ក្បាច់គុន​សាវ​លី​ញ​របស់​ចិន នៅ​បរិវេណ​ខាងជើង​ប្រាសាទបាយ័ន ចាប់ពី​វេលា​ម៉ោង ៧:៣០​នាទី​តទៅ​។

ឯកឧត្ដម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​គូសបញ្ជាក់​ថា ការ​សម្ដែង​នេះ​ធ្វើ​ឡើង​ដើម្បី​អបអរសាទរ «​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន ឆ្នាំ​២០២៤ និង​ជា​ការ​រឹតចំណង​មិត្តភាព​រវាង​ក្បាច់គុន​ប្រពៃណី​របស់​ប្រទេស​ទាំង​ពីរ​»​។ ការ​សម្ដែង​រួម​គ្នា​លក្ខណៈ​ទ្វេភាគី​នេះ​ជា​ជំហាន​ដំបូង​មួយ និង​បន្ត​នៅ​ក្នុង​ជំហាន​បន្តបន្ទាប់​ទៀត ខណៈ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ក៏​កំពុង​គ្រោង​រៀបចំ​ទិវា​គុន​ចម្រុះ ឬ World Martial Arts នៅ​មុខ​ប្រាសាទអង្គរវត្ត ស្រប​ពេល​ដែល​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​អនុញ្ញាត​ជា​គោលការណ៍​រៀបចំ​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ​។

ឯកឧត្ដម វ៉ា​ត់ ចំរើន ដែល​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​ដាក់​ក្តី​ជឿជាក់​ថា ព្រឹត្តិការណ៍​នេះ​នឹង​ជំរុញ​ដល់​ទេសចរណ៍ និង​សេដ្ឋកិច្ច ក៏​ដូច​ជា​លើក​តម្លៃ​ក្បាច់គុន​ខ្មែរ​ព្រលឹង​ជាតិខ្មែរ គុន​ល្បុក្កតោ​មួយ​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។ អ្វី​ដែល​ពិសេស គឺ​បាន​បង្ហាញ​ក្បាច់គុន​ដ៏​ចំណាស់​នៅ​ពីមុខ​ទឹកដី​អច្ឆរិយៈ​តំបន់​អង្គរ ហើយ​ក៏​បាន​បង្ហាញ​ពី​ប្រវត្តិ ទស្សនៈវិជ្ជា ឱ្យ​ក្បាច់គុន​ផ្សេង​ៗ​បានឃើញ​។ តាម​គម្រោង​តំណាង​អង្គការ​យូ​ណេ​ស្កូ​ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ទស្សនា​នូវ​សកម្មភាព​សម្តែង​ទស្សនីយភាព​ទាំងនេះ​ដែរ​។

បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​ស្តី​ពី​ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌​ទេសចរណ៍ និង​ព្រឹត្តិការណ៍ When shaolin Moots Bokator At Angkor បានឱ្យ​ដឹង​ថា ដើម្បី​បន្ត​ជំរុញ​ការ​អនុវត្ត «​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤» ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សហការ​ជាមួយ​រដ្ឋបាល​ប្រជាជន​ខេត្ត​ហឺ​ណា​ន និង​រដ្ឋបាល​ខេត្តសៀមរាប​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌​ទេសចរណ៍ និង​ព្រឹត្តិការណ៍ When shaolin Moots Bokator At Angkor នៅ​បរិវេណ​ខាងជើង​ប្រាសាទបាយ័ន ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៤ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​រួម​គ្នា​រវាង​ខេត្ត​ហឺ​ណា​ន និង​ខេត្តសៀមរាប រួម​ជាមួយ​ការ​សម្តែង រួម​គ្នា​រវាង​ក្បាច់គុន​សៅ​លី​ញ និង​ក្បាច់គុន​ល្បុកត្តោ​។ ព្រឹត្តិការណ៍​នេះ​នឹង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កម្ពុជា​-​ចិន សមាគម​ទេសចរណ៍ អ្នក​សារព័ត៌មាន និង​ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ជាង ៥០០​នាក់​។

ជាមួយ​គ្នា​នេះ ក្រសួងទេសចរណ៍​កម្ពុជា​ក៏​បាន​អំពាវនាវ​ដល់​សា្ថ​ប័ន​ពាក់ព័ន្ធ សមាគម​ទេសចរណ៍ ផ្នែក​ឯកជន ស្ថាប័ន​ពាក់ព័ន្ធ អ្នក​សារព័ត៌មាន ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​ចូលរួម​ទស្សនា​ដោយ​សេរី និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ តាម​គ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព សំដៅ​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ចិន​ឱ្យមក​ទស្សនា និង​វិនិយោគ​នៅ​កម្ពុជា កាន់តែ​ច្រើន​ថែម​ទៀត ក៏​ដូច​ជា​ចូលរួម​អបអរសាទរ​ដល់​ការ​អនុវត្ត​យុទ្ធនាការ «​ទស្សនា​សៀមរាប ឆ្នាំ​២០២៤ និង​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន​» ផង​ដែរ​៕

ប្រភព៖ AKP