សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ ជារបៀបវារៈកំពូលរបស់អាស៊ាន ក្នុងអំឡុងពេលធ្វើជាប្រធានរបស់ប្រទេសម៉ាឡេស៊ី

0

បរទេស៖ ប្រធានសភារបស់ប្រទេសម៉ាឡេស៊ី លោក ចូហារី អាប់ឌុល (Johari Abdul) បានប្រាប់សារព័ត៌មានកាលពីថ្ងៃទី 19 ខែមេសា ការពង្រឹងសន្តិសុខស្បៀងក្នុងតំបន់ និងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃការប្រែប្រួលអាកាសធាតុ នឹងក្លាយជារបៀបវារៈសំខាន់ដែលត្រូវបានកំណត់ ក្នុងតួនាទីជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ីនៅក្នុងឆ្នាំ២០២៥។

លោក ចូហារី បានអំពាវនាវឱ្យរដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រមូលផ្តុំកម្លាំងរួមគ្នាដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀង ដោយលោកបានពន្យល់ថា ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។

លោកបានចាត់ទុកថា អាស៊ានគួរតែរួមបញ្ចូលគ្នានូវភាពខ្លាំងរបស់ខ្លួន រួមទាំងទំហំដីកសិកម្ម ហិរញ្ញវត្ថុ កម្លាំងពលកម្ម និងបច្ចេកវិទ្យា ដើម្បីបង្កើតតំបន់សុវត្ថិភាពស្បៀងអាហារ។

លោកប្រធានសភារូបនេះ​បាន​សង្កត់ធ្ងន់ទៅ​លើ​សារៈសំខាន់​នៃ​ការចែករំលែក​គំនិត បទពិសោធន៍ និង​ជំនាញ​ក្នុងចំណោម​ប្រទេស​ជាសមាជិក​អាស៊ាន ដើម្បី​ជំរុញ​កិច្ចប្រឹងប្រែង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​សំដៅ​លើកកម្ពស់​សន្តិសុខ​ស្បៀង​។

លោកបាននិយាយថា ជាមួយនឹងចំនួនប្រជាជនសរុបចំនួន ៦៨០លាននាក់ អាស៊ានមានសក្តានុពលដ៏ធំដើម្បីក្លាយជាទីផ្សារផ្ទៃក្នុងដ៏ខ្លាំងមួយ។

ក្នុងនាមជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាននាពេលខាងមុខនេះ លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសម៉ាឡេស៊ីក្នុងការជំរុញរបៀបវារៈសំខាន់ៗផ្សេងទៀត រួមទាំងគំនិតផ្តួចផ្តើមស្តីពីការប្រែប្រួលអាកាសធាតុ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានអាស៊ានបន្ទាប់របស់ប្រទេសម៉ាឡេស៊ី។

លោកបានសង្កត់ធ្ងន់ទៅលើចំណាប់អារម្មណ៍របស់ប្រទេសម៉ាឡេស៊ីក្នុងការលើកកម្ពស់ប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលអ៊ីដ្រូសែន និងថាមពលពន្លឺព្រះអាទិត្យជាដើម ហើយបានអំពាវនាវឱ្យបណ្តាប្រទេសអាស៊ានវិនិយោគទៅលើមនុស្សជំនាន់ក្រោយ និងការអប់រំ ដើម្បីអភិវឌ្ឍន៍អ្នកដឹកនាំនាពេលអនាគតដែលមានសមត្ថភាពរក្សាជំហររបស់ប្លុកនេះជាតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតភាព៕

ប្រភព៖ AKP