អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ សម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៨ក្រុមហ៊ុន

0

ព្រះសីហនុ៖ បើ​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២៤​នេះ ក្រោយ​ពី​ច្បាប់​បាន​អនុញ្ញាត​ឱ្យ​បង្កើត​អនុគណៈ ក​ម្មា​ធិ​ការ​វិនិយោគ​រាជធានី ខេត្ត មាន​សិទ្ធិ​ក្នុង​ការ​អនុម័ត​ធ្វើការ​វិនិយោគ​នៅ​ថ្នាក់​រាជធានី ខេត្ត ដែល​មាន​ទុន​វិនិយោគ​សម​មូល​ក្រោម ២​លាន​ដុល្លារ ដែល​ជា​សមត្ថកិច្ច​របស់​អនុ គណៈកម្មាធិការ​វិនិយោគ​រាជធានី ខេត្ត តែ​សម្រាប់​ច្បាប់​ថ្មី រាជធានី ខេត្ត មាន​សិទ្ធិ​សម្រេច ការ​ចុះបញ្ជី​វិនិយោគ​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន​ក្រោម ៥​លាន​ដុល្លារ​។

ខេត្ត​ព្រះ​សីហ​នុ​បាន​ចុះបញ្ជី​ជូន​ក្រុមហ៊ុន​ចំនួន​៧ និង​បន្ថែម​ការ​ចុះបញ្ជី​វិនិយោគ​ថ្មី មួយទៀត គឺ​មាន ៨​ក្រុមហ៊ុន​។ ព្រោះ​សកម្មភាព​វិនិយោគ​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​ច្រើន​តើ ហេតុ​អ្វី​មាន​តែ​៨ គឺ​ការ​វិនិយោគ​ក្រោម ៥​លាន​ដុល្លារ ជា​សិទ្ធិ​សម្រេច​របស់​អនុ គណៈកម្មាធិការ​វិនិយោគ​រាជធានី ខេត្ត​។ ការ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​ដូច​ជា តំបន់ សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ជេ​ចាំង ស្រុក​ព្រៃ​នប់ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុងព្រះសីហនុ ស្រុក​កំពង់​សិលា និង​ស្រុក​ស្ទឹង​ហាវ ដែល​មាន​រោងចក្រ​ធំ​ៗ​មាន​ទុន​វិនិយោគ​លើ ៥​លាន​ដុល្លារ​អាម៉េរិក​។ រដ្ឋបាល​រាជធានី ខេត្ត មាន​សិទ្ធិ​ចុះបញ្ជី​វិនិយោគ​ក្រោម ៥​លាន​ដុល្លារ សហរដ្ឋអាមេរិក ទោះបី​អនុ​គណៈកម្មាធិការ​វិនិយោគ​របស់​យើង​បាន​ចេញ​វិញ្ញាបនបត្រ​បាន ចំនួន​៨ ក៏​ប៉ុន្តែ​យើង​មិន​ទាន់​ស្ងប់ចិត្ត​នោះ​ទេ និង​បន្ត​ការ​ចុះបញ្ជី​នេះ​ឱ្យ​បាន​កាន់តែ ច្រើន បន្ថែម​ទៀត​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង នៃ​គណៈ​អភិបាល ខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤​នេះ​។

គម្រោង​ទាំង​៧ ដែល​អនុ​គណៈកម្មាធិការ​វិនិយោគ​ខេត្ត​ព្រះ​សីហ​នុ (​អ​.​គ​.​វ​.​ខ​.​ស​.​ន​) បាន​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​កំពុង ដំណើរការ​ប្រកបដោយ​ប្រក្រតី​ភាព ហើយ​ថ្មី​ៗ​នេះ​អនុ​គណៈកម្មាធិការ​វិនិយោគ ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ជូន​រោងចក្រ ផលិត​កេស​កា​តុង ផលិតផល ធ្វើ​អំពី​ក្រដាស សម្ភារ​វេច​ខ្ចប់ និង​សម្ភារ​បន្ទាប់បន្សំ​គ្រប់​ប្រភេទ ដោយឡែក​គម្រោង​វិនិយោគ ដែល​មាន​ទឹកប្រាក់​លើស​ពី ៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​ស្នើ​សុំ​ទៅ CDC​។

លោក​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​រួច​មក អនុ​គណៈកម្មាធិការ​វិនិយោគ​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង វិនិយោគ​ក្រុមហ៊ុន ខូ​ប៊ី ភែ​ក​ឃី​ជី​ង (​ខេ​ម​បូ​ឌា​) ឯ​.​ក COBER PACKAGING CAMBODIA CO Ltd បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ផលិតផល​ធ្វើ​អំពី​ក្រដាស សម្ភារ​វេច​ខ្ចប់ និង​សម្ភារ បន្ទាប់បន្សំ​គ្រប់​ប្រភេទ​មាន​ទុន​ចុះបញ្ជី​វិនិយោគ ១ ៥០០ ០០០​ដុល្លារ និង​ទុន​វិនិយោគ ៣ ០៤០ ៧៣៥​ដុល្លារ​អាម៉េរិក មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អូរ​ចំណា ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៤ ដែល​ជា​គម្រោង​មាន លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​។ ដោយ​អនុលោម​តាម​ច្បាប់ និង​អនុ​ក្រិ​ត្យ​លេខ ១២០​អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ ស្តី​ពី​វិនិយោគ អ​.​គ​.​វ​.​ខ​.​ស​.​ន ត្រូវ​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី ជូន​អ្នក​វិនិយោគ​ក្នុង​រយ​:​ពេល​២០​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ​បន្ទាប់​ពី​បាន​ទទួល​សំណើ​ចុះ បញ្ជី​របស់​សាមី​ក្រុមហ៊ុន​។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ពី​ការ​អំពាវនាវ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កៀរគរ​អ្នក​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ​រួច​មក ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​សំណើ ពី​អ្នក​វិនិយោគ​ជា​បន្តបន្ទាប់ ដោយឡែក​ការ​បង្កើត​រោងចក្រ​កា​តុង ផលិតផល​ធ្វើ​អំពី​ក្រដាស សម្ភារ​វេច​ខ្ចប់ និង​សម្ភារ​បន្ទាប់បន្សំ​គ្រប់​ប្រភេទ​អាច​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ជាង ៥០០​កន្លែង កាត់​បន្ថយ​ភាព​ក្រីក្រ​។ យើង​បន្ត​ការ​ផ្សព្វផ្សាយ​ដល់​អ្នក​វិនិយោគ​ផ្សេង​ទៀត មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ ទន្ទឹម​នោះ​យើង​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់ ស្តី​ពី​ការ​វិនិយោគ​ក្នុង​គោលបំណង​បង្កើត​ក្របខ័ណ្ឌ​គតិ​យុ​ត្ត ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ តាម រយៈ​គោលនយោបាយ​លើកទឹកចិត្ត​ប្រកបដោយ​តម្លាភាព​ផ្នែក​ពន្ធ​មាន​៣​ប្រភេទ​គឺ​៖ ទី​១.​ការ លើកទឹកចិត្ត​មូលដ្ឋាន ចែក​ជា​ពីរ​ផ្សេង​ទៀត អាស្រ័យ​ទៅ​លើ​ការ ជ្រើសរើស របស់​អ្នក វិនិយោគ ការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​រយ​:​ពេល ពី​៣ ទៅ​៩​ឆ្នាំ ទៅ​តាម​វិស័យ​។ ទី​២.​ការ​ទទួល​បាន​សិទ្ធិ​កាត់កង​ចំណាយ​មូលធន​តាម​រយៈ​ការ​រំលស់ និង​សិទ្ធិ​កាត់កង រហូត​ដល់ ២០០​ភាគរយ លើ​ការ​ចំណាយ​សំខាន់​ផ្សេង​ៗ​ទៀត រយៈពេល ៩​ឆ្នាំ និង​ការ​លើក ទឹកចិត្ត​ផ្សេង​ៗ​ទៀត ការ​លើកទឹកចិត្ត​បន្ថែម​លើ​អាករ​តម្លៃបន្ថែម​។ ចំពោះ​ការ​ទិញ​វត្ថុធាតុដើម ក្នុងស្រុក ក៏​ដូច​ជា​ការ​ជំរុញ​ការ​បណ្តុះបណ្តាល​អភិវឌ្ឍ​ធនធានមនុស្ស​ត្រូវ​បាន​លើក ទឹកចិត្ត ផង​ដែរ​។ ៣.​វិនិយោគ​ណា​ដែល​សាងសង់​កន្លែង​ស្នាក់​នៅ​ជូន​ដល់​បុគ្គលិក កម្មករ ទទួល​បាន ការ​លើកទឹកចិត្ត ជួយ​ដល់​អ្នក​វិនិយោគ​ឱ្យ​គាត់​មានការ​កក់ក្តៅ ហើយ​សម្រេចចិត្ត​ដាក់​ទុន វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះ​សីហ​នុ​។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា គោលដៅ​ការ​វិនិយោគ គឺ​ការ​បង្កើន​ទំនុកចិត្ត បង្កើន​នូវ​ការ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ដល់​អ្នក​វិនិយោគ​ទាំង​ខ្មែរ បរទេស ចូល​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ រដ្ឋបាល​ខេត្ត​នឹង​ខិតខំ​បន្ត​ផ្សព្វផ្សាយ​ក្នុង​វេទិកា ជាមួយ​វិស័យ​ឯកជន ដើម្បី​ប្រ​មូ​ត​ផ្សព្វផ្សាយ​ដល់​អ្នក​វិនិយោគ​បរទេស​មក​តាំងទី​នៅ​ក្នុង ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​អនុគណ​:​ក​ម្មា​ធិ​ការ​វិនិយោគ​របស់​យើង​នៅ​រង់ចាំ​ស្វាគមន៍ និង​ជួយ​សម្របសម្រួល​ជួយ​ដល់​អ្នក​វិនិយោគ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​៕

ប្រភព៖ AKP