ឡាវ និងមីយ៉ាន់ម៉ា ពិនិត្យមើលទៅលើកិច្ចសហប្រតិបត្តិការតាមព្រំដែន

0

បរទេស៖ សន្និសីទលើកទី៦ ស្តីពីការត្រួតពិនិត្យ ជួសជុល និងសាងសង់បង្គោលព្រំដែនរវាងប្រទេសឡាវ និងមីយ៉ាន់ម៉ា បានប្រព្រឹត្តទៅនៅក្នុងខេត្តបរកែវ របស់ប្រទេសឡាវ ក្នុងគោលបំណងពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមព្រំដែនរួមគ្នារបស់ប្រទេសទាំងពីរ។

ភាគីទាំងពីរបានវាយតម្លៃចំពោះវឌ្ឍនភាពការងារ និងទទួលស្គាល់អំពីការបញ្ចប់ការពិនិត្យទៅលើខ្សែបន្ទាត់ព្រំដែនប្រវែង ២៣៦គីឡូម៉ែត្រ ដែលប្រព្រឹត្តទៅចាប់ពីខែកុម្ភៈដល់ចុងខែមីនា។

ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានត្រួតពិនិត្យ និងសម្អាតបង្គោលព្រំដែន លាបពណ៌ និងសាងសង់ឡើងវិញនូវបង្គោលចំនួន៧ ដែលត្រូវបានបំផ្លាញដោយសារឥទ្ធិពលធម្មជាតិ ដែលក្នុងនោះមានបង្គោលចំនួន២ នៅខាងភាគីឡាវ និងបង្គោលចំនួន៥ នៅខាងមីយ៉ាន់ម៉ា។

ជាពិសេស ក្រុមការងាររបស់ប្រទេសទាំងពីរបានប្រើប្រាស់ឧបករណ៍ GPS ដើម្បីប្រមូលទិន្នន័យបង្គោលព្រំដែនចំនួន១៧២ នៅតាមដងទន្លេមេគង្គ ដើម្បីបម្រើឱ្យការស្រាវជ្រាវ និងធ្វើឱ្យប្រព័ន្ធផែនទីព្រំដែននៃប្រទេសទាំងពីរមានភាពល្អឥតខ្ចោះពីប្រព័ន្ធចាស់ ដោយយោងតាមកិច្ចព្រមព្រៀងកាលពីឆ្នាំ ១៩៩៤ ដោយការបង្កើតប្រព័ន្ធថ្មី និងទំនើបជាងមុន៕

ប្រភព៖ AKP